សង្គម

សត្វនិងរុក្ខជាតិជាង១ពាន់ប្រភេទត្រូវបានកត់ត្រាទុក ខណៈ៨៤ប្រភេទស្ថិតក្នុងបញ្ជីក្រហម

image


អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖គម្រោងUSAIDព្រៃឡង់បៃតងថាខ្លួនបានគាំទ្រអ្នកស្រាវជ្រាវជីវៈចម្រុះដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីរាយឈ្មោះប្រភេទសត្វនិងរុក្ខជាតិដែលមាននៅដែនជម្រកសត្វព្រៃឆែបគូលែនព្រហ្មទេពនិងព្រៃព្រះរកា និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនៅភាគខាងជើងប្រទេសកម្ពុជា។

ការធ្វើបច្ចុប្បន្នភាពនោះរួមមានប្រភេទ ថនិកសត្វ បក្សី រុក្ខជាតិនិង ពពួកផ្សិតដែលបានកំណត់នៅក្នុងតំបន់ការពារធម្មជាតិនីមួយៗ។ ដោយប្រភេទសត្វនិងរុក្ខជាតិសរុបចំនួន ១.០៥៥ ប្រភេទត្រូវបានកត់ត្រាទុក។ ក្នុងចំណោមពួកវាមានប្រភេទសត្វនិងរុក្ខជាតិចំនួន ៨៤ប្រភេទ ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីក្រហមរបស់IUCN ជាប្រភេទដែលត្រូវបានទទួលការគំរាមកំហែង ខណៈប្រភេទសត្វនិងរុក្ខជាតិខ្លះនៅមិនទាន់បានរាប់អស់ទេជាពិសេសគឺប្រភេទសត្វល្អិតនិងផ្សិត ហើយការសិក្សាបន្ថែមទៀតនឹងបង្កើតនូវកំណត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនទៀត។

សូមបញ្ជាក់ថា បញ្ជីរាយឈ្មោះប្រភេទសត្វនិងរុក្ខជាតិដែលមាននៅក្នុងតំបន់ការពារធម្មជាតិគឺជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិប្រកបដោយប្រសិទ្ធភាព។ វាមានប្រយោជន៍ក្នុងការវាយតម្លៃថាតើតំបន់ការពារធម្មជាតិកំពុងអភិរក្សប្រភេទសត្វនិងរុក្ខជាតិដែលជាអាទិភាពឬទេ ហើយវាអាចផ្តល់នូវការប៉ាន់ស្មានដ៏ត្រឹមត្រូវនៃចំនួនសរុបនៃប្រភេទសត្វនិងរុក្ខជាតិដែលត្រូវបានគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់IUCN៕