ព័ត៌មានអន្តរជាតិ

មនុស្ស៦នាក់ស្លាប់នៅក្នុងការបាញ់ប្រហារក្នុងអំឡុងការតវ៉ានៅរដ្ឋធានីរបស់លីបង់

image

បេរូត៖ មនុស្សយ៉ាងហោច៦នាក់បានបាត់បង់ជីវិត និង៣២នាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅរដ្ឋធានីបេរូតរបស់ប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍។
ហេតុការណ៍នោះបានកើតឡើងក្នុងអំឡុងការតវ៉ាជុំវិញការស៊ើបអង្កេតលើករណីផ្ទុះនៅកំពង់ផែក្នុងទីក្រុងបេរូតកាលពីឆ្នាំមុនដោយក្រុមបាតុករបានទាមទារឲ្យដកចៅក្រមម្នាក់ដែលចូលរួមស៊ើបអង្កេតរឿងនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពលីបង់ ភ្លាមៗនោះក្រុមខ្មាន់កាំភ្លើងក៏បាញ់ប្រហារទៅលើក្រុមបាតុករដែលឈានដល់ការប៉ះទង្គិចគ្នាអស់រយៈពេលជាង៤ម៉ោង។
កងទ័ពលីបង់បានគ្រប់គ្រងស្ថានការណ៍ និងចាប់ខ្លួនខ្មាន់កាំភ្លើងមួយចំនួន ខណៈដែលកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយយ៉ាងតឹងរ៉ឹងនៅក្នុងតំបន់ជុំវិញសង្កាត់ តាយូណេស (Tayouneh) ។


លោកនាយករដ្ឋមន្ត្រី ណាជីប មីកាទី (Najib Mikati) បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ និង ព្រមានរាល់ការប៉ុនប៉ងដែលចង់ឲ្យលីបង់ធ្លាក់ក្នុងអំពើហិង្សា។
ការប៉ះទង្គិចគ្នានោះបានធ្វើឲ្យពលរដ្ឋលីបង់មួយចំនួនព្រួយបារម្ភថាអាចនឹងធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលសាជាថ្មី។


សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០, សារធាតុអាម៉ូញ៉ូមនីត្រាតជិត៣ពាន់តោនដែលត្រូវបានស្តុកទុកនៅឃ្លាំងមួយនៅកំពង់ផែទីក្រុងបេរូតអស់រយៈពេលប្រហែល៦ឆ្នាំមកហើយនោះបានផ្ទុះឡើងបណ្តាលឲ្យមនុស្សជាង២០០នាក់ស្លាប់, ជាង៦,៥០០នាក់រងរបួស និងរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង។
ប៉ុន្មានថ្ងៃក្រោយមកអតីតនាយករដ្ឋមន្ត្រីលីបង់លោក ហាសាន់ ឌីអាប់ (Hassan Diab) បានប្រកាសលាលែងពីតំណែង៕