ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានផ្អាកប្រតិបត្តិការនៅអាហ្វហ្គានីស្ថានដោយលើកឡើងពីការជ្រៀតជ្រែករបស់ក្រុមតាលីបង់

image

អ៊ីស្លាម៉ាបាដ៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) បានផ្អាកការហោះហើរទៅកាន់រដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថានដោយលើកឡើងពីការជ្រៀតជ្រែកយ៉ាងខ្លាំងពីសំណាក់ក្រុមតាលីបង់។


ការសម្រេចនេះត្រូវបានប្រកាសបន្ទាប់ពីក្រុមតាលីបង់បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍នេះបញ្ចុះតម្លៃមកនៅកម្រិតដូចមុនពេលដែលពួកគេឡើងកាន់អំណាច។
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) គឺជាក្រុមហ៊ុនអាកាសចរណ៍បរទេសតែមួយគត់ដែលប្រតិបត្តិការជើងហោះហើរចេញពីរដ្ឋធានីកាប៊ុលជាប្រចាំ។


ក្រុមតាលីបង់បានព្រមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) និងក្រុមហ៊ុនអាកាសចរណ៍ ខាមអ៊ែរ (Kam Air) របស់អាហ្វហ្គានីស្ថានថា ប្រតិបត្តិការរបស់ពួកគេនៅអាហ្វហ្គានីស្ថាននឹងត្រូវបានហាមឃាត់ ប្រសិនបើពួកគេមិនព្រមបញ្ចុះតម្លៃសំបុត្រយន្តហោះ។


សំបុត្រយន្តហោះទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដក្នុងប្រទេសប៉ាគីស្ថានតាមរយៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានត្រូវបានតំឡើងថ្លៃរហូតដល់ទៅ១០ដងដែលកាលពីមុនលក់ក្នុងចន្លោះពី១២០ដុល្លារទៅ១៥០ដុល្លារ ប៉ុន្តែបច្ចុប្បន្នឡើងដល់២,៥០០ដុល្លារ។


ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបាននិយាយថា ចាប់តាំងពីរដ្ឋាភិបាលតាលីបង់ថ្មីត្រូវបានបង្កើតឡើងមក បុគ្គលិករបស់គេនៅក្នុងទីក្រុងកាប៊ុលប្រឈមមុខនឹងការកែប្រែភ្លាមៗនៅនាទីចុងក្រោយនៅក្នុងបទបញ្ញត្តិនានាព្រមទាំងរងការបំភិតបំភ័យពីសំណាក់ក្រុមមេបញ្ជាការតាលីបង់។


ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានឲ្យដឹងថា បុគ្គលិករបស់គេម្នាក់ត្រូវបានភ្ជង់នឹងកាំភ្លើងជាច្រើនម៉ោង ហើយត្រូវបានដោះលែងបន្ទាប់ពីមានការអន្តរាគមន៍ពីស្ថានទូតប៉ាគីស្ថានប្រចាំនៅទីក្រុងកាប៊ុល៕