ព័ត៌មានអន្តរជាតិ

មនុស្សរាប់រយនាក់ទៀតត្រូវបានជម្លៀសខណៈដែលកំអែភ្នំភ្លើងនៅតែបន្តហូរនៅលើកោះរបស់អេស្ប៉ាញ

image

ម៉ាឌ្រីដ៖ មនុស្សជាង៣០០នាក់បន្ថែមទៀតបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ខណៈដែលលំហូរនៃកំអែភ្នំភ្លើង ខាំប្រេ វីចា (Cumbre Vieja) បានបន្តគំរាមកំហែងដល់តំបន់ជាច្រើនទៀតនៅលើកោះ ឡាប៉ាល់ម៉ា (La Palma) របស់ប្រទេសអេស្ប៉ាញ។

បុគ្គលិកសេវាសង្គ្រោះបន្ទាន់បានណែនាំឲ្យអ្នកដែលរស់នៅចន្លោះសង្កាត់ តាហ្សាខូតេ (Tazacorte) និងសង្កាត់ ឡាឡាហ្គូណា (La Laguna) ប្រមូលរបស់របរនិងសត្វចិញ្ចឹមរបស់ពួកគេចេញពីទីនោះ។

វិទ្យាស្ថានភូមិសាស្ត្រជាតិអេស្ប៉ាញបាននិយាយថា ក្នុងអំឡុងពេលព្រឹកថ្ងៃព្រហស្បតិ៍ រញ្ជួយដីកម្រិត៤.៥រ៉ិចទ័របានវាយប្រហារកោះឡាប៉ាល់ម៉ា (La Palma) ដែលជាការរញ្ជួយខ្លាំងបំផុតក្នុងចំណោមរញ្ជួយដីជាច្រើនលើកដែលបានវាយប្រហារតំបន់នេះក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ខណៈដែលការផ្ទុះភ្នំភ្លើងនោះបានឈានចូលដល់សប្តាហ៍ទី៤និងមិនមានសញ្ញាបង្ហាញពីការស្ងប់ស្ងាត់ទៅវិញក្នុងពេលឆាប់ៗ អាជ្ញាធរអេស្ប៉ាញបាននិយាយថា ពួកគេរំពឹងទុកថាកំអែរបស់វានឹងបន្តហូរឆ្ពោះទៅភាគពាយព្យ។

កំអែភ្នំភ្លើងយ៉ាងក្រហមរងាលបានគ្របដណ្តប់ទៅលើដីជិត៦០០ហិកតា និងបំផ្លាញផ្ទះនិងអគារផ្សេងទៀតប្រហែល១,៥០០កន្លែងរួចទៅហើយរួមទាំងរោងចក្រផលិតស៊ីម៉ង់ត៍មួយកន្លែងដែលបានបញ្ចេញផ្សែងពុលកាលពីដើមសប្តាហ៍នេះ។

វាក៏បានបំផ្លាញចំការដំណាំចេកនិងផ្លែប័រដែលមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចរបស់កោះ ឡាប៉ាល់ម៉ា (La Palma) ផងដែរ។

ចាប់តាំងពីភ្នំភ្លើង ខាំប្រេ វីចា (Cumbre Vieja) បានផ្ទុះកាលពីថ្ងៃទី១៩ ខែកញ្ញាមក មនុស្សជាង៦,០០០នាក់ត្រូវបានជម្លៀសចេញពីលើកោះ ឡាប៉ាល់ម៉ា (La Palma) ដែលមានពលរដ្ឋសរុប៨៣,០០០នាក់៕