សង្គម

រដ្ឋបាលខេត្តប៉ៃលិន ត្រៀមវិធានការ ដើម្បីឆ្លើយតបទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ

image


ប៉ៃលិន ៖ ចាប់តាំងពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រហូតមកដល់វេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ទៅហើយ គេនៅសង្កេតឃើញផ្ទៃមេឃខ្មៅស្រអាប់ ងងឹតស្លុប ពោរពេញទៅដោយគ្រាប់ភ្លៀងតូចធំ ធ្លាក់ចុះមកលើក្រុងប៉ៃលិន កាន់តែខ្លាំងឡើងៗ ធ្វើឱ្យទឹកស្ទឹងបរយ៉ាខា ស្ទុះឡើងគួរឱ្យព្រួយបាម្ភ កំពុងហូរ ត្របាញ់ គំហុកក្នុងទិសដៅពីត្បូងទៅជើង ។



លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងអាជ្ញាធរក្រុងប៉ៃលិន ចុះពិនិត្យ ស្ថានភាព ទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដោយមានទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១នេះ និងបរិមាណទឹកនៅផ្នែកខាងលើមានសភាពហូរខ្លាំងផងបានបង្កឲ្យមានជំនន់ហូរចាក់ចូលទៅ ក្នុងភូមិសាស្រ្តផ្នែកខាងក្រោម ជាពិសេសភូមិសាស្ត្រស្រុកសាលាក្រៅដែលជាដំបន់ទំនាប ។ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ អាជ្ញាធរខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត លោកស្រី បានឲ្យក្រុមការ ងារ អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា ត្រៀមកម្លាំង និងសម្ភារៈ ទូក រថយន្ត ស្បៀង និង ទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនប្រជាពររដ្ឋ ។



លោកស្រីបានបន្តថា ក្នុងនាមអាជ្ញាធរខេត្តយើងបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

លោកស្រី អភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់នេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សា អនាម័យឱ្យបានត្រឹមត្រូវ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ៕

ដោយ ៖ សុខ វិច្ឆ័យ