ព័ត៌មានជាតិ

រថយន្តសណ្តោងមួយគ្រឿង បុកពីក្រោយរថយន្តមួយគ្រឿងទៀត រួចទៅបុករះតូបលក់ដូរបណ្តាលឱ្យមនុស្ស៤នាក់រងរបួស នៅខេត្តកំពង់ស្ពឺ

image

កំពង់ស្ពឺ​៖​ មនុស្សយ៉ាងតិចចំនួន ៤នាក់ បានរងរបួសធ្ងន់ ស្រាល ខណៈរថយន្តធុនធំមួយគ្រឿងបានបុករះតូបលក់ដូរនៅអមសងខាងផ្លវ។ ករណីនេះបានកើតឡើងនៅព្រលឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លើកំណាត់ផ្លូវជា​តិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​ ៩៩-១០០​ ត្រង់ចំ​ណុចភូមិទី៦ ឃុំយាយម៉ៅ​ពេជ្រ​និល​ (អតីត​ឃុំត្រែ​ងត្រយឹង)​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាក DAEWOO ពណ៌ទឹកប្រាក់ខៀវលាយ​ស ស្លាកលេខ ភ្នំពេញ ៣E-៦១៨៩ សណ្តោងសឺមីរុឺម៉ក​ ស្លាកលេខ ភ្នំពេញ៤A-៩០១៩។ រថយន្តនេះ បើកបរទិស​ដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាង​លើបានជ្រុលទៅបុកផ្នែកខាងក្រោយរថយន្តមួយគ្រឿង ម៉ាក​ HYUNDAI ពណ៌ស​ ស្លាកលេខ ភ្នំពេ​ញ៣A-៩៣១២ បេីកបរដោយឈ្មោះ​ សែត ចំរើន អាយុ៣៧ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  បណ្តាលឱ្យរេចង្កូតទៅបុករះតូបលក់ដូររបស់ប្រជាពលរដ្ឋ និងបានធ្លាក់ទៅម្ខាងផ្លវ។ ក្នុងករណីនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបឋមថា ​ផ្តើមចេញពី​ការបេីកវ៉ាជែង​ក្នុងស្ថានភាពគ្រោះថ្នាក់ និងបាត់បង់ម្ចាស់​កា​រ ហើយសង្ស័យងងុយគេង​ ទើបធ្វេី​ឱ្យ​អ្នកបញ្ជារថយន្ដមិនអាចគ្រប់គ្រងស្ថានការបាន​។ 

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរ​ណ៍​នេះ បានបង្កឱ្យមានការខូចខាត​តូបអ្នកលក់ដូរនៅចិញ្ចេីមផ្លូវ​ជាច្រើនតូប និងបង្កឱ្យរងរបួស​ធ្ងន់ស្រាលមនុស្ស​ចំនួន ៤នាក់ និងស​ម្ភារមួយចំនួន​ទៀត​ (ខូចខាតរថយន្ដ​ស្ទេី៧០ភាគរយ)។ បច្ចុប្បន្ន​អ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅ​សង្រ្គោះ​ព្យាបាល​នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯ​អ្នកបើកបររថយន្ដ​បង្កបានគេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។ វត្ថុតាង​មធ្យោបាយ​រថយន្ត​ សមត្ថកិច្ច​កំពុង​ចំណាត់ការ​រកមធ្យោបាយស្ទួចយកចេញ និងបញ្ជូនទៅ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដេីម្បី​កសាងសំណុំរឿង​បញ្ជូន​ទៅជំនាញចាត់ការ​តាមនីតិវិធី​៕

អត្ថបទ៖ ប៊ុត សារុន