ព័ត៌មានជាតិ

សមាគមរាជសីហ៍ ប្តេជ្ញាបង្កើនសកម្មភាពសប្បុរសធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាលទុក្ខលំបាករបស់ពលរដ្ឋជួបបញ្ហាជីវភាព 

image

កែប៖ សមាគមរាជសីហ៍ បានសម្រេចតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដោយក្នុងឱកាសនោះ សមាគមន៍នេះ បានប្តេជ្ញាថា ខ្លួននឹងបង្កើនសកម្មភាពសប្បុរធម៌ឱ្យបានច្រើនថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ 

ថ្លែងក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១  លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ មានប្រសាសន៍ថា សមាគមរាជសីហ៍ ទាំងថ្នាក់កណ្តាល និងគ្រប់សាខាសមាគមរាជសីហ៍ទាំងអស់ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងបញ្ញាស្មារតីប្រមូលផ្តុំ ជួបជុំរួមកម្លាំងសាមគ្គីភាពជាមួយនឹងសប្បុរសជនជាតិ និងអន្តរជាតិក្នុងការសម្រេចបុព្វហេតុការងារសង្គម និងមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ចូលរួមសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ 

លោកគូសបញ្ជាក់បន្ថែមថា «ជាទឡ្ហីករណ៍ នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ ចាប់តាំងពីឆ្នាំ២០១៩ ដល់ត្រីមាសទី២នៃឆ្នាំ២០២១នេះ សមាគមរាជសីហ៍បានអនុវត្តដោយជោគជ័យនូវការងារមនុស្សធម៌ មិនត្រឹមតែជាមួយប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្រ្តីមេម៉ាយ សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងកុមារកំព្រា ប៉ុណ្ណោះទេ  ថែមទាំងជាមួយនឹងអាជ្ញាធរមូលដ្ឋានកំពុងតែឈរជើងតាមគោលដៅការពារមណ្ឌលព្យាបាល និងចត្តាឡីស័កអ្នកជំងឺ និងអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅតាម បណ្តារាជធានីខេត្តមួយចំនួន ។» 

ចំណែកលោក អ៊ឹង ឡាយឆាយ ប្រធានសមាគមរាជសីហ៍សាខាខេត្តកែប បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅក្នុងចំណោមបណ្តាប្រទេសនានាទូទាំងសកលលោក ហើយការចូលរួមក្នុងកិច្ចការសប្បុរសធម៌ក្នុងសង្គម ជាកត្តាសំខាន់ដើម្បីភាពរីកចម្រើនក្នុងសង្គម។ 

លោកបន្តថា ក្នុងនាមជាប្រធានសមាគមរាជសីហ៍សាខាខេត្តកែប លោកប្តេជ្ញាចិត្តខិតខំស្វែងរកដៃគូរសហការទាំងនៅក្នុងខេត្តក៏ដូចជាទូទាំងប្រទេសជាពិសេសសប្បុរសជន ជាតិនិងអន្តរជាតិ ដើម្បីរួមចំណែកលើកស្ទួយការងារមនុស្សធម៌ និងពង្រឹងអនុភាពរបស់សមាគមឱ្យកាន់តែរីកចម្រើនឡើង។ 

ជាមួយគ្នានេះ សមាគមរាជសីហ៍សាខាខេត្តកែប មិនត្រឹមតែខិតខំពង្រឹងទំនាក់ទំនងជាមួយខេត្តកែបប៉ុណ្ណោះទេ សមាគមនឹងបន្តស្វែងរកនូវជំនួយសប្បុរសធម៌ អាហារូបករណ៍ ដោះស្រាយនិងជួយសម្រួលការលំបាកនាៗរបស់សមាជិកសមាគមផងដែរ។ 

សមាគមរាជសីហ៍សាខាខេត្តកែប នឹងខិតខំអប់រំបណ្តុះបណ្តាលដល់យុវជនឱ្យមានសកម្មភាពចូលរួមលើកការងារមនុស្សធម៌ក្នុងខេត្តកែបឱ្យកាន់តែប្រសើរឡើង៕