ព័ត៌មានជាតិ

អគ្គិភ័យ ឆាបឆេះមន្ទីរសម្រាកព្យាបាលមេត្រូ២ ផ្អើលគ្រូពេទ្យ និងអ្នកជំងឺ រត់ចែកជើងគ្នា

image

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយ បានឆាបឆេះមន្ទីរសម្រាកព្យាបាលមេត្រូ២ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺ ភ័យស្លន់ស្លោរត់ចែកជើងគ្នា កាលពីវេលាម៉ោង ១២:១៥នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចបានបញ្ជូនរថយន្តទៅពន្លត់ចំនួន ៤គ្រឿង ទៅជួយអន្តរាគមន៍បាញ់ទឹកឱ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង ១២:៥០នាទី ថ្ងៃខែដដែល។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់សម្រាកព្យាបាលមេត្រូ២ តែមិនបណ្តាលមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ៕