ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់បានឈើជាច្រើនសន្លឹក នៅខេត្តព្រះវិហារ និខេត្តក្រចេះ ក្នុងថ្ងៃតែមួយ

image

ព្រះវិហារ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកជ័យសែន ខេត្តព្រះវិហារ សហការចុះបង្ក្រាបបទល្មើសព្រៃឈើ (សន្និធិ) ត្រង់ចំណុច ភូមិរំដោះ ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ  ដោយបានរឹបអូសឈើបានចំនួន ២ទីតាំង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ចំពោះទីតាំង១ កម្លាំងបង្ក្រាបបានឈើ "ស្រឡៅ"ចំនួន ២១២សន្លឹក ស្មើនឹង ១០,១៨៩ម៉ែត្រត្រីគុណ និងទីតាំងទី២ បង្ក្រាបបានឈើ ខ្វាវចំនួន ៦៨សន្លឹក ស្មើនឹង ១,៧០០ម៉ែត្រត្រីគុណ និងបានរឹបអូសមធ្យោបាយរថយន្តសាំងយ៉ុងកែច្នៃទ្រុងចំនួន ១គ្រឿង(ម្ចាស់រត់គេចខ្លួន)។ បច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន។

ចំណែកនៅឯខេត្តក្រចេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នូល ដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រហ្ម សំអុន មេបញ្ជាការរងស្រុកស្នួល សហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃកែវសីម៉ាភ្នំព្រិច ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុច ត្រពាំងតាផូ ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ដោយបានចាប់យករថយន្តសាំយ៉ុងពណ៌ស គ្មានស្លាកលេខ ១គ្រឿង ផ្ទុកឈើអា"ខ្វាវ" ចំនួន ៥៥សន្លឹក និងឈើ"សុក្រំ" ១០x៤០ ប្រវែង ២,៥ម៉ែត្រ ចំនួន២ដុំ។ ក្នុងករណីនេះ អ្នកបើកបរគេចខ្លួនបាត់។ ទោះយ៉ាងនេះក៏ដោយ វត្ថុតាងខាងលើប្រគល់ឱ្យជំនាញដែនជម្រកសត្វព្រៃកែវសីម៉ា-ភ្នំព្រិច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕