ព័ត៌មានជាតិ

បុរសម្នាក់មិនស្ដាយជីវិតឃើញឈើអណ្ដែតលើទឹកស្ទឹង កំពុងតែហូរក៏លោតទៅចាប់លិចបាត់ទាំង​ មនុស្ស លិចបាត់ទាំងឈើ

image

ប៉ៃលិន ៖ បើតាមរបាយការណ៍របស់មន្ត្រីជំនាញប៉ុស្ថិ៍សង្កាត់អូរតាវ៉ៅបានឲ្យដឹងថា មានករណីបុរសម្នាក់ បានបាត់ខ្លួនក្នុងទឹកស្ទឹងភ្នំដំបងជាប់ព្រំប្រទល់ស្រុកសំឡូត ដោយសារគាត់ឃើញឈើអណ្ដែតទឹក ក៏លោតចុះទៅតោងឈើនោះ ស្រាប់តែលិចបាត់ទាំងឈើទាំងមនុស្ស រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ មិនទាន់រកឃើញនៅឡើយទេ ។

ហេតុការណ៍បុរសម្នាក់លោតចាប់ឈើអណ្តែតទឹក ហើយលិចបាត់ក្នុងទឹកស្ទឹងនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤៧នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ 

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសម្នាក់ដែលបាត់ខ្លួនមានឈ្មោះ ណាង ស៊ីណាល់​ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

ប្រភពបន្តទៀតថា ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ និងកម្លាំងប្រជាការពារភូមិ បានមកចុះពិនិត្យ និងសាកសួរជុំវិញកន្លែងកើតហេតុ ដោយនៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ាង ម៉ាល័យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា បានឃើញបុរសខាងលើឈរនៅម្ខាងស្ទឹងបានលោតចុះក្នុងស្ទឹង ដែលជំនន់ទឹក ភ្លៀងកំពុងហូរខ្លាំង ដើម្បីចុះចាប់ឈើដែលអណ្តែតតាមទឹកនោះ ហើយក៏លិចបាត់ទៅតែម្តង ។ បន្ទាប់មកសាក្សីខាងលើក៏បានស្រែកនៅឱ្យគេជួយ រួចក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាម់ៗផងដែរ ។

ប្រភពបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ច និងកម្លាំងប្រជាការពារព្រមទាំងបងប្អូនប្រជាពលរដ្ឋ នាំគ្នាដើររកមើលតាមមាត់ស្ទឹង មិនទាន់ឃើញអណ្តែតនៅឡើយទេ ។

ទោះបីជាយ៉ាងណា ក្រោយពីបាត់ខ្លួនជនរងគ្រោះ ក៍មានបន្សល់ទុកនូវវត្ថុតាងនៅទីតាំងកើតហេតុ មានកាំបិតខ្វែវមួយដើមផងដែរ ៕ 

ដោយ​ ៖​ សុខ​ វិច្ឆ័យ​