ព័ត៌មានជាតិ

សូមប្រយ័ត្ន! ចាប់ខ្លួនបុរសម្នាក់ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ និងទិញលក់ម៉ូតូមានស្លាកលេខក្លែងក្លាយ

image

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ និងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដោយលោកវីរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បានលក់ម៉ូតូគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវឱ្យទៅឱ្យជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។  

ម៉ូតូម៉ាកXR  ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FZ-3654 មានប័ណ្ណសម្គាល់ និងស្លាកលេខក្លែងក្លាយ។ ក្រៅពីនេះសមត្ថកិច្ចបានរកឃើញម៉ូតូចំនួន ១១គ្រឿង បន្ថែមទៀត និងបានដកហូតពីជនសង្ស័យយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួមនឹងស្លាកលេខចំនួន ១៤សន្លឹក ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕