ព័ត៌មានជាតិ

សម្តេចតេជោ អនុញ្ញាតឲ្យប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ បានអនុញ្ញាតឲ្យ ឯកឧត្តមឧត្តមសេនីយ៍ឯក បំរុង លឿង គឿង (Luong Cuong) ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពវៀតណាម ជួបសំដែងការគួរសម នៅវិមានសន្តិភាព។


បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា ឯកឧត្តម លឿង គឿង នៅក្នុងជំនួបនេះ បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទីមួយហើយ ដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូ អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានគោរពពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោ ហើយក៏បានសំដែង នូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ នូវលទ្ធផលនៃការបោះឆ្នោត ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ និង​ទទួលបានតំណែងដឹកនាំបន្តទៀត របស់សម្ដេចតេជោ។


ពីនោះទៅទៀត ឯកឧត្តមក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោផងដែរថា ឯកឧត្តម បានជួបពិភាក្សាការងារ ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏បានធ្វើទស្សនកិច្ច នៅកងពលតូចលេខ៧០ និងបានជួបពិភាក្សាការងារ ជាមួយឯកឧត្តម នាង ផាត ដែលក្នុងនោះ បានរួមគ្នាវាយតម្លៃ ពីស្ថានភាពនយោបាយ លើពិភពលោក ស្ថានភាពនយោបាយក្នុងតំបន់ ក៏ដូចជាការវាយតំលៃពីសក្តានុពល និងការប្រឈមទាំងឡាយ និងរួមគ្នាពង្រឹងមិត្តភាព ដើម្បីធ្វើយ៉ាងណា រក្សាឲ្យបានសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍន៍ សម្រាប់ប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍ​ធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ច រវាងប្រទេសទាំងពីរ។


ជាការឆ្លើយតប សម្ដេច​តេជោ បានសំដែងនូវការចូលរួមសោកស្ដាយ ចំពោះមរណៈភាព របស់ឯកឧត្តម ប្រធានាធិបតីវៀតណាម ​ត្រាន ដៃក្វាង ហើយក៏បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម លឿង គឿង ដែលបានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ និងការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ពីឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេច​។ សម្តេចក៏បានគាំទ្រផងដែរ ចំពោះរបាយការណ៍ ​និងលើកទឹកចិត្ត ដល់ការអនុវត្តលើអ្វី ដែល​សម្រេចបាន ហើយជូនពរឲ្យទទួលបានជោគជ័យ។


ឆ្លៀតឱកាសនោះដែរ សម្ដេចក៏បានថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលបានកន្លងមក បានជួយដល់កម្ពុជា។ សម្រេចបានមានប្រសាសន៍ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែក របស់វៀតណាមបានឡើយ៕(អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី)


ព័ត៌មានទាក់ទង...