ព័ត៌មានជាតិ

ពលរដ្ឋឃុំរយ៉ ស្រុកកោះញែក សម្តែងការសាទរ បន្ទាប់ពីមានស្ពានធ្វើដំណើរ ព្រោះពួកគាត់ប្រើក្បួននិងទូកច្រើនឆ្នាំមកហើយ នៅពេលរដូវវស្សាម្តងៗ

image

មណ្ឌលគិរី៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានបណ្តោះអាសន្ន ស្របពេលរដូវវស្សា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសមិទ្ធិផលស្ពានប៉េតុង ចំនួនពីរកន្លែង ស្ថិតនៅឃុំរយ៉ ស្រុកកោះញែក នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ការសាងសង់ស្ពានប៉េតុងរួចរាល់ នាពេលនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី ជាពិសេសប្រជាពលរដ្ឋនៅ ក្នុងឃុំរយ៉ ស្រុកកោះញែក។ ឯកឧត្តម បន្ថែមថា ការចុះត្រួតពិនិត្យស្ពាន គឺដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន ស្របពេលរដូវនេះ ជារដូវវស្សា ដែលធ្វើឱ្យទឹកជន់លិចតាមដងអូរ។ ជាងនេះទៅទៀត ឯកឧត្តម បានស្នើរដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវធ្វើការជួសជុលផ្លូវ ចាប់ពីផ្លូវជាតិលេខ៧៦ រហូតដល់ឃុំរយ៉នេះ ដើម្បីបង្ករលក្ខណ:ងាយស្រួលដល់ការធ្វើដំណើររបស់ពួកគាត់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសមិទ្ធិផលទាំងនេះទុកជាសម្បតិ្តរួម និងជម្រុញដល់មន្ទីរអង្គភាព ត្រូវធ្វើយ៉ាងណាខិតខំកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានបន្ថែមទៀត ដោយប្រើប្រាស់ថវិការដ្ឋឲ្យបានសមស្រប ជាពិសេស ត្រូវបម្រើសេវាសាធារណ:ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។


តាមការលើកឡើងរបស់លោក យ៉ន់ សារ៉ោម បានឲ្យដឹងថា ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ដែលធ្វើដំណើឆ្លងកាត់ អូរចំនួនពីរកន្លែង ក្នុងឃុំរយ៉ ស្រុកកោះញែក ជាពិសេសក្នុងរដូវវស្សា ទឹកឡើងខ្លាំងត្រូវជិះក្បួន ទូក ឬរងចាំទឹកស្រកទៅវិញ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានរៀបចំសំណើរគម្រោងស្វែងរកដៃគូរនានា ដើម្បីលើកគម្រោងសាងសង់ស្ពានខាង លើនេះ។ លោកបន្ថែមថា ជាលទ្ធផលមន្ទីរបានទទួលគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន លើគម្រោងសាងសង់ ស្ពានប៉េតុងចំនួនពីរកន្លែង នៅអូររវ៉ាក់ ប្រវែង១៨ម៉ែត្រ ទទឹម៥ម៉ែត្រ និងអូររយ៉ ប្រវែង២៤ម៉ែត្រ ទទឹម៥ម៉ែត្រ ដោយចំណាយ ថវិកាជាង២៤ម៉ឺនដុល្លា ដោយប្រើរយៈពេលសាងសង់ចំនួន០៨ខែ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។


នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត បាននាំយកមុងសុវត្ថិភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយ អាវ និងសារុង ចែកជូនដល់ប្រជាពលរដ្ឋដែលចូលរួមចំនួន២០៥គ្រួសារផងដែរ៕អត្ថបទ៖ប៊ុត សុភ័ក្រ


ព័ត៌មានទាក់ទង...