រដ្ឋាភិបាលចិនផ្តល់ជំនួយជាសំភារៈដល់កម្ពុជាសំរាប់ជំរឿនប្រជាជនឆ្នាំ២០១៩ ដែលមានតម្លៃប្រមាណ ២,៥លានដុល្លារ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាសំភារៈរថយន្ត រួមទាំងគ្រឿងអេឡិចត្រូនិកជាច្រើនទៀតមានតម្លៃសរុបប្រមាណ ២,៥លានដុល្លារ ដើម្បីបម្រើដល់ការធ្វើជំរឿននៅកម្ពុជា ដែលនឹងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខនេះ។ ជំនួយរបស់ចិន នៅពេលនេះ នឹងជាចំណែកមួយជួយឲ្យការធ្វើជំរឿនរបស់រាជរដ្ឋាភិបាលកម្ពុជា បានដំណើរការដោយភាពល្អប្រសើរ និងទទួលបានជោគជ័យ។

ថ្លែងនៅក្នុងពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី-ខេត្ត និងប្រគល់ទទួលសម្ភារៈជំរឿន ដែលជាជំនួយរបស់ សាធារណរដ្ឋប្រជាមានិតនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះនៅក្រសួងមហាផ្ទៃ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាការជាតិជំរឿនទូទៅប្រជាជនបានមានប្រសាស៍ថា ការធ្វើជំរឿនប្រជាជននេះ គឺមានសារៈសំខាន់ណាស់ចំពោះការស្វែងយល់ពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិ និងការចងក្រងគោលនយោបាយនៃ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងជីវភាពរបស់ប្រពលរដ្ឋ។

ឯកឧត្តម ឆាយ ថន បានមានប្រសាស៍ថា ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩នេះ មានសារៈសំខាន់ខ្លាំងណាស់ ហើយជំរឿន គឺជាការងារដ៏ធំត្រូវចំណាយថវិកាច្រើន ដែលស្ទើរតែបណ្តាប្រទេសកំពុងមានការអភិវឌ្ឍន៍តិចតួចមិនអាចរ៉ាប់រង ដោយគ្មានដៃគូ ជួយបានឡើយ។ ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩ នេះ គឺជាជំរឿនលើកទីមួយ និងជាប្រវត្តិសាស្រ្តដែល ប្រមុខរាជរដ្ឋាភិបាល បានសម្រេចចំណាយថវិកាធ្វើដោយខ្លួនឯងដោយមិនមានដៃគូជួយ និងដោយសារជំរឿនត្រូវតែអនុវត្តន៍រៀងរាល់ ១០ឆ្នាំ ម្តង មិនអាចខ្វះបាន។

ឯកឧត្តមឆាយ ថន បានបញ្ជាក់ទៀតថា កម្ពុជានឹងចាប់ផ្តើមធ្វើជំរឿនប្រជាជន គឺចាប់ធ្វើពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ជំរឿននេះគ្រោងប្រើមន្រ្តីរហូតដល់ទៅ ៤៧,០០០នាក់ និងគ្រោងចំណាយថវិកាប្រមាណជិត១០លានដុល្លារ អាមេរិកដែលជាថវិការបស់រាជរដ្ឋាភិបាល។ បើតាមការប៉ានស្មានប្រជាពលរដ្ឋនៅកម្ពុជាក្នុងឆ្នាំ២០១៩ អាចកើនឡើងរហូតដល់ ១៦លាននាក់។

សម្ភារៈដែលជាជំនួយរបស់ចិននេះរួមមាន៖ រថយន្ត៥២គ្រឿង ម៉ូតូ ៣០០គ្រឿង កុំព្យូទ័រលើតុ៤៥០គ្រឿង កុំព្យូទ័រយួរដៃ៥០គ្រឿង ម៉ាស៊ីនបោះពុម្ពឯកសារ៣០គ្រឿង ម៉ាស៊ីនបញ្ចាំងSlide៣០គ្រឿង ម៉ាស៊ីនថតចម្លង១០គ្រឿង Tablet ២០០គ្រឿង និងម៉ាស៊ីន Server៕ អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation