ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថាមេដឹកនាំកូរ៉េខាងជើងមានភាពប្រាកដប្រជាក្នុងការបោះបង់អាវុធនុយក្លេអ៊ែរ

image

កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង បានឆ្លើយតបទៅនឹងការសង្ស័យជាទូទៅអំពីការឆន្ទៈរបស់លោកគីម ជុងអ៊ុន ដើម្បីបោះបង់ចោលគ្រាប់បែកនុយក្លេអ៊ែរ។លោក Moon Jae-in និយាយថា កិច្ចចរចាការទូតនាពេលបច្ចុប្បន្ន ជាមួយកូរ៉េខាងជើង គឺ មានភាពខុសគ្នាដាច់ស្រឡះតែម្តង បើធៀបទៅនឹងកិច្ចព្រមព្រៀងដែលបរាជ័យជាច្រើនបន្តបន្ទាប់នាពេលកន្លងមក។

ប្រធានាធិបតីកូរ៉េខាងត្បូង និយាយថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅទីក្រុងព្យុងយ៉ាង លោកគីម ជុងអ៊ុន បានផ្តល់ការសន្យាជាច្រើន។ ហើយមេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា ខ្លួននឹងបង្ហាញពីដំណើរលុបបំបាត់កម្មវិធីអាវុធនុយ ក្លែអ៊ែររបស់ខ្លួនទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ ហើយលោកនឹងជួបជាមួយប្រធានាធិបតីអាមេរិក និងមេដឹកនាំពិភពលោកដទៃទៀត ដើម្បីពន្យល់ពីកិច្ចប្រឹងប្រែងរបស់គាត់ដើម្បីនាំយកសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។

នៅក្នុងបទសម្ភាសមួយនៅប៉ុស្តិ៍ទូរទស្សន៍ Fox News លោក Moon Jae-in បាននិយាយថា "ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់ខ្ញុំនៅទីក្រុងព្យុងយ៉ាង លោកគីមបានលើកឡើងថា គាត់មានឆន្ទៈដើម្បីឱ្យមានអ្នកត្រួតពិនិត្យអន្តរជាតិចុះមក ត្រួតពិនិត្យអំពីអ្វីដែលខ្លួនបានធ្វើដើម្បីឈានទៅលុបបំបាត់អាវុធប្រល័យលោករបស់ខ្លួនជាអចិន្ត្រៃយ៍ ដូចអ្វីដែលខ្លួនបានសន្យា ដើម្បីអោយពិភពលោកអាចផ្ទៀងផ្ទាត់បាន។ ដូច្នេះខ្ញុំជឿជាក់លើលោកគីម៕