
កម្ពុជារកបានមេដាយមាស២ពីព្រឹត្តិការណ៍កីឡាអាស៊ីនៅម៉ុងហ្គោលី

(ភ្នំពេញ) ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យដឹងនាល្ងាចថ្ងៃទី ១០ ឧសភានេះ ដោយបានសម្តែងការអបអរសាទរទៅដល់ក្រុមកីឡាតេក្វាន់ដូ ITFកម្ពុជា ដែលបានប្រកួតឈ្នះមេដាយមាស០២ និងសំរឹទ្ធ០១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនៅម៉ុងហ្គោលី។
បើតាមការលើកឡើងរបស់ ឯកឧត្ដម កែប រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និង ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ០៣ គ្រឿង ក្នុងនោះ មេដាយមាស ០២គ្រឿង និងមេដាយសំរឹទ្ធ០១គ្រឿង ដោយកីឡាករវ័យក្មេងពីររូប និង កីឡាករជើងចាស់ ប៉ាល់ ជីវ័ន្ត ម្ចាស់មេដាយប្រាក់ពិភពលោក នាថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសម៉ុងហ្គោលី
សូមជំរាបថា ការដណ្ដើមបានមេដាយ០៣គ្រឿងក្នុងកីឡា តេក្វាន់ដូ ITF នេះជាមោទនភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និងអាចបង្ហាញថា សមត្ថភាពរបស់កីឡាករកម្ពុជា មិនចាញ់កីឡាករបរទេសឡើយ។
គួររំឭកថា សហព័ន្ធកីឡាតេក្វាន់ដូ ITF បានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ២៤ រូប (នារី០២រូប) ទៅចូលរួមព្រឹត្តិការណ៍ខាងលើ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ខណៈដែលការប្រកួតជាផ្លូវការ ចាប់ឡើងនាថ្ងៃទី១០ រហូតល់ថ្ងៃទី១៣ ខែឧសភាខាងមុខនេះ ៕
