រដ្ឋមន្ត្រីការបរទេសកម្ពុជាដឹកនាំកិច្ចប្រជុំពេញអង្គនៃកិច្ចពិភាក្សាទូទៅក្នុងឋានៈកម្ពុជាជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣
| ព័ត៌មានជាតិ
SHARE

ញ៉ូវយក៖ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្នុងឋានៈកម្ពុជាជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចពិភាក្សាទូទៅ។ នេះជាឱកាស ប្រកបដោយមោទន:ភាព និងកិត្យានុភាព ដែលឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជា បាននាំកិត្តិនាមរបស់ប្រទេស កម្ពុជា ទៅបង្ហាញនៅក្នុងអង្គការពិភពលោកនេះ។

យោងតាមការបញ្ជាក់របស់ លោកយោង ចាន់សុភារ អតីតអ្នកការទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ នាឆ្នាំ២០១៨នេះ តួនាទីរបស់កម្ពុជាគឺមានភាពលេចធ្លោសម្រាប់ពិភពលោក ចំនួន ២ នោះ

ទី ១)-កម្ពុជាត្រៀមខ្លួនធ្វើជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងត្រូវបំពេញភារកិច្ចពេញ ១ ឆ្នាំចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិប្រធានមហាសន្និបាតមាន ១ និងត្រូវផ្លាស់ប្តូរវេនគ្នាជារៀងរាល់ឆ្នាំទៅតាមតំបន់ធំៗទាំង ៥ ក្នុងនោះមានតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ រីឯមុខតំណែងអនុប្រធានមហាសន្និបាតមានចំនួន ២១ មកពីតំបន់ធំៗទាំង ៥ នេះផងដែរ។ សូមកត់សម្គាល់ថាកាលពីឆ្នាំ ២០០១ កម្ពុជាបានកាន់តួនាទីជាអនុប្រធានមហាសន្និបាតនេះម្តងរួចមកហើយ។

ទី ២)- គឺកម្ពុជានឹងក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៅពេលទទួលបានសំឡេងគាំទ្រ ២ ភាគ ៣ នៃសមាជិក ១៩៣ ប្រទេសនៅមហាសន្និបាតដែលការបោះឆ្នោតនឹងធ្វើនៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០១៨ នៅទីក្រុងញូវយ៉ក។ ដោយសារតែមានការឯកភាពបែងចែងអាណត្តិគ្នាជាមួយប្រទេសតាហ្ស៊ីគីស្ថាន កម្ពុជានឹងត្រូវកាន់តួនាទីរយៈពេល ១ ឆ្នាំពេញជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ ២០១៩។ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមមាននាទីជំរុញកិច្ចសហការជាអន្តរជាតិលើវិស័យសេដ្ឋកិច្ចសង្គម ការអប់រំសុខភាព និងស្វែងរកដំណោះស្រាយជាអន្តរជាតិ។ នៅពេលដែលកម្ពុជាក្លាយជាសមាជិក ការជួយជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធ ជាកត្តាសំខាន់ដើម្បីកម្ពុជាឈានឆ្ពោះទៅរកភាពជោគជ័យក្នុងអង្គការពិភពលោកមួយនេះ។

គួរកត់សម្គាល់ផងដែរថាក្នុងប្រព័ន្ធអង្គការសហប្រជាជាតិកាលណាគេនិយាយពីសមាជិកអង្គការសហប្រជាជាតិគឺគេសំដៅលើសមាជិកនៃមហាសន្និបាតនៃអង្គការនេះ ចំណែកឯសាខាដទៃទៀតដូចជា ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមមានតែ ៥៤ ប្រទេស រីឯក្រុមប្រឹក្សាសន្តិសុខវិញមានតែ ១៥ ប្រទេសដែលក្នុងនោះប្រទេសមហាអំណាចកាន់កាប់ ៥ អាសនៈទៅហើយ។

លើសពីនេះទៀតកម្ពុជាមានទិសដៅពង្រីកការចូលរួមរបស់ខ្លួនលើឆាកអន្តរជាតិកាន់តែកើនឡើង ទោះជាខ្លួនតូចក៏ដោយ។ «កម្ពុជាជាប្រទេសតូច មិនអាចផ្លាស់ប្តូរបាននោះទេ តែយើងអាចផ្លាស់ប្តូរឋានៈ តួនាទី និងការចូលរួមរបស់យើងក្នុងកិច្ចការតំបន់ និងពិភពលោកផ្អែកលើឆន្ទៈ លទ្ធភាព សមត្ថភាពរបស់យើង និងផ្អែកលើផលប្រយោជន៍ស្នូលរបស់កម្ពុជា» នេះជា
គោលដៅមោះមុតឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាដែលលោកបានថ្លែងក្រើនរំឭកដល់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេសទាំងអស់កាលពីខែមីនា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation