សង្គម

អនុប្រធានទី១រដ្ឋសភាថ្មី ប្តេជ្ញាចិត្តគោរពឥត ងាករេនៃច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋដែលមានជាធរមាន

image


ភ្នំពេញ៖បន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១ប្រកាសទទួលស្គាល់លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលត្រូវបានអង្គសភាបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ រដ្ឋសភាមានសំឡេងគាំទ្រ១០៧សំឡេង ។

នាឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានប្តេជ្ញាចិត្តគោរពឥតងាករេនៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដែលមានជាធរមាន ពិសេសរាល់គោលការណ៍នៃស្មារតីបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភា និងគោរពមាគ៌ាគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងស្មោះត្រង់ឥតងាករេចំពោះការដឹក នាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានប្តេជ្ញាទៀតថា៖ គោរពអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់គោល ការណ៍រីកចំរើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ពង្រឹងសមត្ថភាពបន្ថែមនឹងបន្តពង្រឹងនូវស្មារតីសាមគ្គីភាពផ្ទៃក្នុងនៃរដ្ឋសភា និងស្ថាប័នដទៃទៀតជាប្រចាំតទៅ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាប្រចាំតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ក្នុងនាមអនុប្រធានទី១ នៃរដ្ឋសភា ក្រោមការដឹកនាំនិងចង្អុលទិសដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងអនុប្រធានទី២ នៃរដ្ឋសភា និងអង្គប្រជុំរដ្ឋសភាទាំងមូល។

សូមបញ្ជាក់ថា៖សម័យប្រជុំពេញអង្គរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀបដោយសំឡេង ១០៧ កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១តាមសំណើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕
ដោយ ៖វង សុភ័ក្ត្រ