សង្គម

សិប្បកម្មកែច្នៃឈើ ១កន្លែងនៅខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះបង្ក្រាប

image


ព្រះវិហារ៖ សិប្បកម្មកែច្នៃឈើ ១កន្លែង ដែលបើកកែច្នៃឈើខុសច្បាប់ ស្ថិតនៅភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានម្ចាស់ឈ្មោះ ជា រុងរឿង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ធ្វើការបង្ក្រាបកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានឱ្យដឹងថា សិប្បកម្មនេះបានធ្វើសកម្មភាពកែច្នៃឈើលេខ១ ប្រភេទឈើសុក្រម ផ្ចឹក ត្រាច និងឈើពពេល អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កន្លងមកសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើត្បែងមានជ័យ បានចុះអប់រំធ្វើកិច្ចសន្យាចំនួន ២ដង រួចមកហើយ ឱ្យបញ្ឈប់ធ្វើសកម្មភាពកែច្នៃដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចជំនាញ និងតម្រូវឱ្យម្ចាស់សិប្បកម្មសុំច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ឱ្យស្របតាមច្បាប់ស្តីពីព្រៃឈើទើបអនុញ្ញាតឱ្យបន្តសកម្មភាព តែម្ចាស់សិប្បកម្មនេះនៅតែរឹងរុះមិនព្រមបញ្ឈប់សកម្មភាព ទើបសមត្ថកិច្ចប្រើវិធានការច្បាប់។

សូមបញ្ជាក់ថា សម្ភារដែលសមត្ថកិច្ចចុះបង្ក្រាបនោះ មានដូចជាឈើមួយចំនួនធំ ម៉ាស៊ីនភ្លើង តាបឈូស ម៉ាស៊ីនវៀល និងសម្ភារមួយចំនួនធំ ត្រូវបានរឹបអូសដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕


ដោយ៖ ច័ន្ទ ដារុណ