សង្គម

សម្តេចតេជោ ហ៊ុន សែន៖ នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងពិតជាមានសេចក្តីត្រូវការក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងពិតជាមានសេចក្តីត្រូវការក្នុងការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាន នូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន “ចីរភាព”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន "ការចែករំលែក” ផងដែរ ។ នេះជាការថ្លែងសុន្ទរកថាបើករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ក្រោមមូលបទ ៖ "ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម" តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បន្ទាប់ពីការរស់នៅអស់រយៈពេលជិត ២ ឆ្នាំ ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន មកលើអាយុជីវិតប្រជាជន និងសង្គម-សេដ្ឋកិច្ច»។


សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍: ភាពមិនផ្លូវការ ភាពបត់បែនបានការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព ខ្ញុំមានជំនឿថា ក្នុងសភាពការណ៍បច្ចុប្បន្ន យើងត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើងថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប »។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «គោលបំណងសំខាន់ៗនៃកិច្ចប្រជុំកំពូលរបស់យើង គឺ ៖ទី១-ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពបរិយាប័ន្ន និងកំណើនរួមគ្នា។
ទី២-លើកស្ទួយភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល ទី៣-លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់។
ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០។
ទី៥-ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM និងទី៦-ដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត »។


សូមជម្រាបថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ពិសេសមួយដែលនាំមកនូវវិសាលភាពសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងដែន រវាងប្រទេសនានា តាមរយៈសកម្មភាពនៅថ្នាក់តំបន់ និង ថ្នាក់អនុតំបន់។ ចាប់តាំងពីពេលដែលកិច្ចប្រជុំនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ASEM បាននិងកំពុងដើរតួនាទីជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប។ ASEM គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឆ្ពោះទៅរកការដោះស្រាយតម្រូវការនៃការតភ្ជាប់កាន់តែទូលំទូលាយ ក្នុងចំណោមបណ្តាភូមិសាស្រ្តសេដ្ឋកិច្ច និងប្រជាជននៃទ្វីបអាស៊ី និងអឺរ៉ុប៕