សង្គម

អភិបាលខេត្តកំពត ប្រាប់មន្ត្រីជំនាញឱ្យសហការជាមួយអាជ្ញាធរ ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆាប់

image


កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានណែនាំដល់មន្ត្រីជំនាញមានកិច្ចសហការល្អជាមួយអាជ្ញាធរ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងការពន្លឿនដល់និតិវិធីវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រោះវាជាជីវិត ហើយការផ្តល់ប័ណ្ណកម្មសិទ្ធិ នឹងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើង។ ចំពោះពលរដ្ឋត្រូវបើកចិត្តឱ្យទូលាយពេលមន្ត្រីចុះវាស់វែង កុំឈ្លោះគ្នាព្រោះតែព្រំដីបន្តិចបន្តួច។

ការណែនាំដោយ លោក ម៉ៅ ធនិន ដូចនេះបានធ្វើឡើងក្នុងពីធីផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកបានលើកឡើងថា ការចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនដល់ ប្រជាពលរដ្ឋទូទាំងប្រទេសនេះ ជាគោលនយោបាយមួយរបស់រាជរដ្ឋភិបាល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

លោក ម៉ៅ ធនិន បានបញ្ជក់ថា លោកបានជំរុញដល់មន្ត្រីជំនាញដែលបានចុះធ្វើការវាស់វែងដីធ្លីដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការងារនេះ ព្រោះការចេញប័ណ្ណកម្មសិទ្ធិនេះពិតជាមានសារៈសំខាន់ណាស់ ដែលអាចជួយឱ្យពួកគាត់ក្លាយជាម្ចាស់ដីដោយស្រប់ច្បាប់ និងអាចប្រើប្រាស់ដីឱ្យមានសកត្តានុពល ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងទៀត ដីគឺជាជីវិត ហើយការធ្វើលំនៅឋានក៏ត្រូវការដី ធ្វើកសិកម្មក៏ត្រូវការដី ផ្លូវថ្នល់ មន្ទីរពេទ្យ ផ្សារសាលារៀន គឺសុទ្ធតែត្រូវការដីជាចាំបាច់។

ក្នុងឱកាសនោះផងដែរ លោក ម៉ៅ ធនិន ក៏បានស្នើដល់មន្ត្រីជំនាញ ក្នុងការជួយពន្យល់ផ្សព្វផ្សាយណែនាំពីនីតិវិធីចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានច្បាស់ និងចូលរួមសហការល្អជាមួយអាជ្ញាធរ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋដើម្បីពន្លឿនដំណើរការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិ ហើយពលរដ្ឋត្រូវបើកចិត្តឱ្យទូលាយ មានអធ្យាស្រ័យគ្នា សហការយោគយល់ ស្រឡាញ់រាប់អានគ្នា កុំឈ្លោះគ្នាព្រោះតែបញ្ហាព្រំដីបន្តិចបន្តួចធ្វើឱ្យរាំងស្ទះដល់និតិវិធីក្នុងការចេញប័ណ្ណ។

ជាមួយគ្នានេះ លោក មួង នឿន អភិបាលស្រុកបន្ទាយមាស បានបញ្ជាក់ថា ក្នុងស្រុកបន្ទាយមាសមានចំនួន ១៥ឃុំ និងមានភូមិចំនួន៨៨ មានក្បាលដីប៉ាន់ស្មាន ១.១០០ក្បាលដី។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៩ និងលទ្ធផលសម្រេចបានចំនួន ១២ឃុំ ស្មើនឹង ៦២ភូមិ ដែលមានក្បាលដីសរុបចំនួន ៩៧.២៦៦ក្បាលដី នៅសល់ ៣ឃុំ និង ២៦ភូមិទៀតដែលមិនទាន់បានចុះបញ្ជីក្បាលដី តាមការប៉ាន់ស្មានប្រហែលចំនួន ២៨.០០០ក្បាលដី។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីន គរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានបញ្ជាក់ឱ្យដឹងអំពីនីតិវិធី នៃដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធថា មាន៥ដំណាក់កាល ទី១. ការត្រៀមរៀបចំកំណត់តំបន់ធ្វើការវិនិច្ឆ័យ និងការបង្កើតគណៈកម្មការរដ្ឋបាល ជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ទី២. ការប្រតិបត្តិបច្ចេកទេស នៃការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ទី៣. ការបិទផ្សាយទិន្នន័យក្បាលដី និងបញ្ជីឈ្មោះម្ចាស់ដី ទី៤. ការសម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយ និងទី៥. ការចេញប័ណ្ណ ចែកប័ណ្ណជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី៕

អត្ថបទ៖ វង្ស សុធារម្យ