សង្គម

អភិបាលរាជធានីភ្នំពេញ ប្រាប់អាជ្ញាធរឱ្យបន្តចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ និងនៅតាមដងផ្លូវសាធារណៈ

image


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់អាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលបានបើកប្រទេសឱ្យប្រក្រតីឡើងវិញ។ ដោយឡែកពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឱ្យបានល្អប្រសើរផងដែរ។

លោក ឃួង ស្រេង បានប្រាប់អាជ្ញាធរដូចនេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ចំពោះចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេនាពេលកន្លងមក ពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរពីអន្តរជាតិផងដែរ។

ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើការទប់ស្កាត់ ដោយធ្វើយ៉ាងណាកុំឱ្យ ផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយតាមដងទន្លេកើតឡើងវិញ។ ដូច្នេះអាជ្ញាធរខណ្ឌ ត្រូវតែយកចិត្តទុកដាក់ និងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឱ្យមានការកើតឡើងវិញនូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាពជោគជ័យនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ដូច្នេះ ត្រូវបន្តកិច្ចការងារនេះឱ្យបានប្រសើរថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យដងទន្លេមានសណ្តាប់ធ្នាប់របៀបរៀបរយនិងមានបរិស្ថានល្អប្រសើរ។

ការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវក៏ជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្ត ធ្វើយ៉ាងណាឱ្យការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យមានសោភ័ណភាពល្អប្រសើរ សមជារាជធានីភ្នំពេញ ដែលជាបេះដូងកម្ពុជា៕

ដោយ៖ គន្ធ តារាវិឆ័យ