សង្គម

ស្ថាប័នរដ្ឋ និងវិស័យឯកជន ប្តេជ្ញាសហប្រតិបត្តិការគ្នា ក្នុងគោលដៅលើកកម្ពស់ផលិលផលខ្មែរ តាមរយៈស្វែងរកទីផ្សារលក់ ទាំងក្នុងនិងក្រៅប្រទេស

image


អត្ថបទ ៖ សន ពិសិដ្ឋ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ដោយបានកំណត់ក្នុងគោលបំណង លើកកម្ពស់ផលិតផលខ្មែរ ក្នុងក្របខណ្ឌការងារជំរុញ ចលនាភូមិមួយផលិតផលមួយ ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋ ជាមួយនឹងវិស័យឯកជន ដើម្បីស្វែងរកទីផ្សារលក់ផលិតផលខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស និងសម្រួលដល់ការវេចខ្ចប់ ការដឹកជញ្ជូនរហ័សទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព រក្សាបាននូវគុណភាពផលិតផលខ្មែរ ព្រមទាំងចូលរួមកាត់បន្ថយថ្លៃដើមផលិត ផ្តល់ភាពងាយស្រួល ក្នុងការអភិវឌ្ឍផលិតផល ដើម្បីរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា។


លោក ជា សំណាង អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

កិច្ចព្រមព្រៀងនេះ ក៏ដើម្បីលើកម្ពស់ផលិតផលភូមិមួយផលិតផលមួយ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ដើម្បីវេចខ្ចប់និងដឹកជញ្ជូន បំពេញសេចក្តីត្រូវការ របស់អតិថិជនទាន់ពេលវេលា និងកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន ចំពោះផលិតករភូមិមួយផលិតផលមួយ។


ជាមួយគ្នានោះ ក៏ដើម្បីលើកទឹកចិត្តផលិតករ ដោយលក់ផ្ទាល់ទៅអតិថិជន តាមរយៈផ្សារអនឡាញ ដោយមានការសម្រួល ក្នុងការដឹកជញ្ជូនទំនិញ ដល់ដៃអ្នកប្រើប្រាស់ តាមរយៈក្រុនហ៊ុនវីរៈប៊ុនថាំជាដៃគូរ និងផ្តល់ជូនថ្លៃសេវាដឹកជញ្ជូន ពិសេសជូនដល់សមាជិកចលនាភូមិមួយផលិតមួយទាំងអស់ របស់គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតមួយ ទូទាំងប្រទេស។


លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនវីរៈ ប៊ុនថាំ បានលើកឡើងដែរថា ដើម្បីគាំទ្រការងារជំរុញចលនាភូមិមួយផលិតផលមួយ ក្រុមហ៊ុនដឹកជញ្ជូនរបស់លោក នឹងសហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងអនុវត្តសកម្មភាពមួយចំនួន ក្នុងជំហានទីមួយរយៈពេល២៤ខែ ចាប់ពីថ្ងៃចុះហត្ថលេខា ដើម្បីជួយបណ្តុះបណ្តាលផ្សព្វផ្សាយដល់កសិករ ផលិតករ ពីរបៀបវេចខ្ចប់ផលិតផល របៀបរក្សាគុណភាពផលិតផល ទុកដាក់ផលិតផលមុនបញ្ជើរ និងដឹកជញ្ជូនផលិតផលបញ្ជើរមកក្រុមហ៊ុន ដោយក្រុមហ៊ុនមានសាខាទូទាំង២៥រាជធានី/ខេត្ត និងតាមបណ្តាលស្រុក/ខណ្ឌ និងឃុំ/សង្កាត់ផងដែរ ដើម្បីជួយស្វែងរកទីផ្សារលក់ផលិតផលខ្មែរ។


សូមជម្រាបថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងអនុវត្តសាកល្បងនៅខេត្តចំនួន១០ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ ក្រចេះ កំពង់ចាម ព្រៃវែង ស្វាយរៀង កំពត និងខេត្តតាកែវ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តនីមួយៗ និងកសិករ ផលិតករ ដោយមានការជួយសម្របសម្រួល ពីសមាគមពាណិជ្ជករដឹកជញ្ជូន និងបុត្រសម្ព័ន្ធ Super App ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ក្នុងបរិបទការងារជំរុញចលនាភូមិមួយផលិតផលមួយ៕