សង្គម

អភិបាលរងខេត្តបាត់ដំបង ណែនាំដល់មន្ត្រីគ្រប់មន្ទីរវិស័យទាំងអស់ ត្រូវរៀបចំកសាងផែនការវិនិយោគខេត្តឱ្យចំគោលដៅនៃតម្រូវការរបស់ប្រជាពលរដ្ឋ

image

ដោយ៖ ឡាច សុគន្ធាវី

បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានធ្វើការណែនាំដល់មន្ត្រីជំនាញគ្រប់មន្ទីរវិស័យទាំងអស់ ត្រូវរៀបចំកសាងផែនការវិនិយោគខេត្ត ឱ្យចំគោលដៅនៃតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការអភិវឌ្ឍខេត្តបាត់ដំបងឱ្យកាន់តែមានការរីកចម្រើន។


លោក សឿម ប៊ុនរិទ្ធិ បានលើកបង្ហាញថា នៅលើពិភពលោកគ្មានប្រទេសណាដែលមានការរីកចម្រើនដោយមិនបានកសាងផែនការសម្រាប់ការអភិវឌ្ឍប្រទេសនោះបានទេ។
លោកបានបញ្ជាក់ថា ដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានការរីកចម្រើនដូចប្រទេសនានា គឺមានតែមន្ត្រីជំនាញត្រូវរួមសហការគ្នាកសាងផែនការវិនិយោគឱ្យចំគោលដៅរបស់ប្រជាពលរដ្ឋចង់បាន សម្រាប់កសាងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការរីកចម្រើន។


លោក អភិបាលរងខេត្តបាត់ដំបង បានចាត់ទុកថា វេទិកានេះគឺជាជំហានទី១នៃការចាប់ផ្តើមកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលមុននឹងចាប់ផ្តើមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់នៅថ្នាក់ក្រោម ក្រុង ស្រុកប្រចាំឆ្នាំ ដែលមានមន្ទីរផែនការខេត្តជាស្នូល លើដំណើរការសហការជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់រៀបចំសមាហរណកម្មកម្មវិធីវិនិយោគ ក្នុងការផ្តល់ឱកាសដល់រដ្ឋបាលខេត្ត ក្រុង ស្រុកបានជួបជុំគ្នាជាមួយបណ្តាមន្ទីរវិស័យជំនាញ ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ក្នុងការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក សំដៅគៀងគរប្រភពធនធានដល់ការគាំទ្រគម្រោងអទិភាពនានា ដែលអាចជួយបង្កើនលទ្ធភាព ប្រសិទ្ធិភាពក្នុងការអនុវត្តកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ធានាធ្វើតាមតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។


សូមបញ្ជាក់ថា ការណែនាំរបស់លោក សឿម ប៊ុនរិទ្ធិ ដូចនេះ បានធ្វើឡើងក្នុងពេលដែលមន្ទីរផែនការខេត្តបាត់ដំបង បានបើកវេទិកាកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) សម្រាប់ធ្វើការអភិវឌ្ឍខេត្តបាត់ដំបង ក្រោមវត្តមានចូលរួមពីឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីជំនាញតាមស្ថាប័នមន្ទីរវិស័យក្នុងខេត្តបាត់ដំបងជាច្រើនទៀតនៅសាលាខេត្តបាត់ដំបង៕