សង្គម

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ដីព្រៃលិចទឹក ដែលដកហូត មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ចូលមកធ្វើស្រូវជាដាច់ខាតចាប់ពីពេលនេះតទៅ

image

អត្ថបទ៖ ហឹង ចូច

.កំពង់ឆ្នាំង៖ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំង អាជ្ញាធរខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


អញ្ជើញចូលរួមក្នុងបេសកកម្ម ជាមួយលោកឧបនាយករដ្ឋមន្រ្តី នាឱកាសនោះរួមមាន លោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង។


លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងឱកាសចុះពិនិត្យមើលដី ដែលរងការកាប់ទន្រ្ទាននេះ បានដាក់ចេញនូវវិធានការណ៍មួយចំនួនឱ្យអាជ្ញាធរខេត្ត និងក្រុមការងារចម្រុះ ត្រូវចាត់វិធានការណ៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះត្រូវធ្វើ ការកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការដកហូតដីព្រៃលិចទឹកដែលរង ការកាប់ទន្រ្ទានទាំងនោះ យកមករក្សាទុកជារបស់រដ្ឋវិញ។
ចំពោះមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពង្រឹងការទទួលខុសត្រូវ និងអនុវត្តន៍ការងារ ឲ្យមានប្រសិទ្ធិភាព។ ដោយមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ចូលមកធ្វើស្រូវ នៅលើតំបន់ហាមឃាត់នេះជាដាច់ខាតចាប់ពីពេលនេះតទៅ។


លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ចាប់ពីម៉ោងនេះតទៅមិនអនុញ្ញាតឱ្យមានការកាប់ទន្រ្ទានបន្តទៀតនោះឡើយ បើរកឃើញត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្រ្តខេត្ត ត្រូវរៀបចំដាំកូនឈើព្រៃលិចទឹក ដើម្បីធានាឱ្យតំបន់នេះមានព្រៃលិចទឹកឡើងវិញ។


សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។


សម្តេចបានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕