សង្គម

មន្ត្រីមកពីខេត្តចំនួន៤ ទទួលបានចំណេះដឹងថ្មីបន្ថែមទៀត លើការងារផ្តល់ព័ត៌មាន រវាងរាស្ត្រ និងរាជរដ្ឋាភិបាល

image


ត្បូងឃ្មុំ៖ វគ្គបណ្តុះបណ្តាលស្តីពី ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៍មាន ត្រូវបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល នៅសាលាខេត្តត្បូងឃ្មុំ ដោយមានមន្ត្រីមកពីខេត្តចំនួន ៤ ចូលរួម ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ តាមភូមិសាស្ត្រដែលបានកើតឡើង ពោលគឺ បង្ហាញពីភាពជិតស្និតរវាង រដ្ឋ និងរាស្ត្រ។ សិក្ខាសាលានេះធ្វើឡើងក្រោមវត្តមាន លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

ក្នុងអង្គសិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ មកពីខេត្តចំនួន៤ រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមានសិក្ខាកាមសរុបចំនួន ១៨០នាក់ ប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយពិធីបិទ នឹងមានវត្តមាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក ផៃ ស៊ីផាន បានលើកឡើងថា នេះជាការបង្ហាញនូវការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយឆន្ទៈប្ដេជ្ញាយ៉ាងមោះមុតចូលរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មាននៅក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល។

ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងដែរថា តួនាទី និងការទទួលខុសត្រូវរបស់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន ជាមុខងារចាំបាច់ និងត្រូវពង្រឹងពង្រីកសមត្ថភាពឱ្យទាន់សភាពការណ៍ ការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យា រួមនឹងអភិបាលកិច្ចលំហូរព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការដឹកនាំ ការអភិវឌ្ឍ និងការកសាងសង្គមជាតិមាតុភូមិរក្សាបាននូវសុខសន្តិភាព និងការរីកចម្រើនឡើងថែមទៀត។

សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» គឺជាយន្តការដែលបានបង្ហាញពីទិសដៅព័ត៌មាននៅតាមភូមិសាស្ត្រ ជាក់ស្ដែងស្ដីអំពីបញ្ហានីមួយៗកើតឡើង និងការដោះស្រាយនៅថ្នាក់មូលដ្ឋានខេត្ត ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមយ៉ាងជិតស្និតជាមួយនឹងរាស្ត្រ ឈរលើគោលការណ៍ឆ្លើយឆ្លងយ៉ាងជិតស្និទ្ធ រាស្ត្រ និងរដ្ឋ ដែលបង្កើតបាននូវទំនុកចិត្តការព្រមព្រៀង ការឯកភាពគាំទ្រប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិឆ្លើយទាន់ពេលវេលា៕

ដោយ៖ ជឹង សេងឡុង