ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចផ្អាកការធ្វើដំណើរចូលមកកម្ពុជា ពីប្រទេសអាហ្វ្រិកចំនួន១០

image

ភ្នំពេញ៖ ដោយបានទទួលការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានជូនដំណឹងថា អង្គការសុខភាពពិភពលោក បានរាយការណ៍ ពីការរកឃើញវីរុស បំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា “អូមីក្រុង (Omicron)” ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី។

ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសម្រេចហាមឃាត់ អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេស ទាំង១០ ក្នុងអំឡុងពេល៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវ អាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជា នូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញ សេចក្តីប្រកាសព័ត៌មាននេះ។ ប្រទេសចំនួន១០នោះរួមមាន (1) Botswana (2) Eswatini (3) Lesotho (4) Mozambique (5) Namibia (6) South Africa (7) Zimbabwe (8) Malawi (9) Angola និង (10) Zambia ៕