ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល ចុះផ្អាកសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ក្នុងការដ្ឋាន២កន្លែងក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង

image

ខេត្តកណ្តាល៖ អភិបាលរងខេត្តកណ្តាល លោក ណុប ដារ៉ា បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដល់ក្នុងការដ្ឋានចំនួន​ ២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១។​ អាជីវកម្មទាំង២នេះ​គ្មានច្បាប់អនុញ្ញាត បានធ្វេីឱ្យប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋ​ ប៉ះពាល់បរិស្ថាន​ និងការធ្វេីដំណេីររបស់ពលរដ្ឋធ្វេីនៅលេីដងផ្លូវជាដេីម។ 

លោក ណុប ដារ៉ា បានលេីកឡេីងថា អាជីវកម្មជីកដីខ្សាច់ខាងលើមិនទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតិឱ្យធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណដែលហួសសពុលភាព។ ការនេះ​ លោកក៏បានណែនាំដល់ អាជ្ញាធរស្រុកកណ្តាលស្ទឹង ឱ្យចុះស្រង់ស្ថិតិរាល់អាជីវកម្មរ៉ែទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពឱ្យអស់ ហើយត្រូវណែនាំឱ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មី​ ឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឱ្យបានត្រឹមត្រូវ​ ស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឱ្យបានតាមកិច្ចសន្យា។ 

ក្នុងការចុះត្រួតពិនិត្យរណ្តៅដីទាំង២ខាងលើ​ ដែលរណ្តៅទី១ ជារបស់​ លោក ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន ក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងមិនមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណៈបចេ្ចកទេសត្រឹមត្រូវក្នុងការជីកនោះទេ។​ ចំណែករណ្តៅដីទី២ របស់លោក ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ដែលទីតាំងខាងលើកំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន១រណ្តៅដែលមានទំហំ ២៥៩៣១,២ម៉ែត្រ មានជម្រៅ​ ៨,៣៤ម៉ែត្រហើយមន្ត្រីជំនាញបានវាស់វែងជាក់ស្តែងរកឃើញថា​ រណ្តៅនេះ​ ខុសតាមគោលការណ៍របស់ក្រសួងបានណែនាំ ដោយសារអាជ្ញាប័ណ្ណហួសសុពលភាព។

លោកអភិបាលខេត្ត​ បានបន្តថា ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្មសុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពល​ ស្របច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរ​ ត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅតាមច្បាប់របស់ក្រសួងដែលបានចែង។ ទន្ទឹមនឹងនេះដែរ លោកក៏បានជុំរុញដល់មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា។ រាល់ការដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងដើម្បី​ចូលរួមចំណែក​ចំពោះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តែ​ការប្រកប​អាជីវកម្ម​នោះ​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស មិនត្រូវ​ធ្វើឱ្យប៉ះពាល់​ដ​ល់​សហគមន៍ ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ឡើយ។ 

ទន្ទឹមនឹងនេះ​ លោកអភិបាលរងខេត្ត​ នឹងបន្តចុះពិនិត្យតាមការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ។

សូមបញ្ជាក់ថា​ ប្រជាពលរដ្ឋដែលមានដីស្រែនៅក្បែរកន្លែងប្រកបអាជីវកម្មជីកដីបានសំណូមពរដល់ម្ចាស់អាជីវកម្ម​ ត្រូវធ្វើរបងឱ្យបានត្រឹមត្រូវ​ ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងមិនត្រូវជីកបំពានប៉ះពាល់ដល់ដីស្រែរបស់ពួកគាត់ឡើយព្រមទាំងត្រូវគោរពតាមអាជ្ញាប័ណ្ណដែលក្រសួងអនុញ្ញាតអោយធើ្វអាជីវកម្ម៕