ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី ៣-៥ខែធ្នូ

image

អត្ថបទ៖ វង សុភ័ក្ត្រ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណ រដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជា មានិតចិន ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។ 

 ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យផ្សេងៗ រួមមានវិស័យការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច ពាណិជ្ជ កម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។ 

 ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពជាប្រពៃ ណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្រប    ខ័ណ្ឌពហុភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕