ព័ត៌មានជាតិ

អាជ្ញាធរវៀតណាមបញ្ជូនស្ត្រីខ្មែររងគ្រោះ ២នាក់ មកកម្ពុជាវិញច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ

image

អត្ថបទ៖ វង សុភ័ក្ត្រ

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម បានជួយសង្គ្រោះនារីខ្មែរចំនួន ២នាក់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានចាញ់បោកក្រុមមេខ្យល់នាំយកទៅលក់ទៅកាន់ប្រទេសទីបី។ នារីរងគ្រោះត្រូវបានក្រុមទុច្ចរិតបោកបញ្ឆោតថា នាំទៅធ្វើការងារនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ដោយទទួលបានប្រាក់ខែ ១.៥០០ដុល្លារក្នុងមួយខែ។ 

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មេខ្យល់បាននាំនារីរងគ្រោះទាំង ២នាក់ លួចឆ្លងដែនចូលវៀតណាមដោយខុសច្បាប់ (ពុំមានលិខិតឆ្លងដែន) ធ្វើដំណើរដោយថ្មើរជើងរត់កាត់ព្រៃ និងវាលស្រែនៅពេលយប់។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងយោធាការពារព្រំដែនវៀតណាម បានត្រួតពិនិត្យ និងរកឃើញនារីរង គ្រោះទាំងពីរនាក់ និងបានជួយសង្រ្គោះ និងនាំពួកគេទៅកាន់មណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។

 

តាមប្រភពពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃនេះថា ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម កាលពីថ្ងៃទី ២៧ខែវិច្ឆិកាឆ្នាំ២០២១បានទៅទទួលនារីរងគ្រោះខាងលើ និងរៀបចំនីតិវិធីបញ្ជូនត្រទ្បប់ទៅកម្ពុជា តាមរថភ្លើងពីទីក្រុងហាណូយ កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៥:២០ និងទៅដល់ទីក្រុងហូជីមិញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៥:៥០នាទី ព្រឹក។ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញ នឹងបញ្ជូនបន្តទៅព្រំដែន ហើយអាជ្ញាធរខេត្ត ស្វាយរៀង និងមន្ទីរសង្គមកិច្ច នឹងរង់ចាំទទួលនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ។

ស្ថានឯកអគ្គរាជទូតស្នើបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលការនីបម្រើដែលការងារតាមរោងចក្រ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំជឿតាមល្បិចបោកបញ្ឆោតរបស់ក្រុមទុច្ចរិតជួញដូរមនុស្ស និងសូមរាយការណ៍ជូនអាជ្ញារធរមានសមត្ថកិច្ចដែលនៅជិតបំផុត ប្រសិនបើមានករណីសង្ស័យ៕