ព័ត៌មានជាតិ

ក្រុមអាជីវករនៅតែបន្តលក់តាមដងផ្លូវសាធារណៈដដែលក្នុងក្រុង ខណៈអាជ្ញាធរក្រុងបានលុងថាផ្សារមិនទាន់រៀបចំរួច

image

អត្ថបទ៖ ប៉េស សារី

រតនគិរី៖​ ក្រុមអាជីវករផ្សារបានលុងនៅតែបន្តលក់តាមដងផ្លូវសាធារណៈដដែល​ ខណៈអាជ្ញាធរក្រុងបានលុងថាផ្សារមិនទាន់រៀបចំរួច ជាមួយគ្នានេះ អាជ្ញាធរបានជំរុញដល់ក្រុមហ៊ុនវិនិយោគផ្សារឲ្យសាងសង់ឲ្យលឿន មានគុណភាព អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់ល្អ ព្រមទាំងគោរពតាមវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមជម្រាបថា បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៃផ្សារក្រុងបានលុង អាជ្ញាធរក្រុងខេត្តរតនគិរីបានរៀបចំឲ្យមានផ្សារសុវត្ថិភាពសម្រាប់ក្រុមអាជីវករលក់ដូរចាប់តាំងពីក្នុងកំលុងខែសីហាមកដោយសារតែផ្សារក្រុងបានលុងបានបិទចំនួនពីរលើក។ ឆ្លៀតក្នុងឱកាសនេះដែរ អាជ្ញាធរខេត្តក្រុងបានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគផ្សារបានលុងសាងសង់តូបសម្រាប់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារឲ្យមានសុខភាពអនាម័យចាប់ពីពេលនោះមក។

ប៉ុន្តែមកដល់បច្ចុប្បន្ននេះកន្លែងក្រុមហ៊ុនវិនិយោគជុំវិញបរិវេណផ្សានោះមិនទាន់សាងសង់រួចរាល់ ហើយជាពិសេសនៅស្ថិតនៅលើដីតំបន់ ៤ ជុំវិញបរិវេណផ្សារ។

ទាក់ទងទៅនឹងការអនុញ្ញាតឲ្យក្រុមអាជីវករនៅតែបន្តលក់តាមដងផ្លូវសាធារណៈនិងក្នុងផ្សារសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរនេះដែរ លោក ងិន ណែល អភិបាលក្រុងបានលុងបានបញ្ជាក់ឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទថាចំពោះក្រុមអាជីវករដែលនៅតែបន្តលក់គឺអាជ្ញាធរបានអនុញ្ញាតព្រោះផ្សារបានលុងមកដល់ពេលនេះការសាងសង់មិនទាន់រួចរាល់នោះទេ។ លោកបានបញ្ជាក់ថាដោយកន្លែងដែលសាងសង់ពីមុនជាកន្លែងភក់ជ្រាំសំបុកមាន់ហើយមេឃមិនទាន់រាំងធ្វើឲ្យមានការសាងសង់យឺតយ៉ាវ អាស្រ័យដូចនេះ អាជ្ញាធរនៅតែបន្តឲ្យក្រុមអាជីវករលក់តាមចិញ្ចើមផ្លូវសាធារណៈក៏ដូចជាកន្លែងផ្សារសុវត្ថិភាពបន្តទៀត។

លោកអភិបាល

ក្រុងបន្តទៀតថាបច្ចុប្បន្នអាជ្ញាធរបានជំរុញដល់ក្រុមហ៊ុនវិនិយោគផ្សារឲ្យសាងសង់ឲ្យលឿន មានគុណភាព អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់ល្អ ដើម្បីធានាបាននូវសុខុមាលភាពដល់ក្រុមអាជីវករក៏ដូចជាពលរដ្ឋដែលជាអតិថិជនចូលទិញអីវ៉ាន់ក្នុងផ្សារ។

ជាពិសេសក្រុមហ៊ុនត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់អនាម័យនិងសោភណភាព និងប្រព័ន្ធលូធំទូលាយអាចនាំទឹកកខ្វក់ចេញពីផ្សារមិនឲ្យស្ទះនាំឲ្យប៉ះពាល់សុខភាព។

ជាមួយគ្នានោះដែរក្រុមហ៊ុនវិនិយោគផ្សារក្រុងបានលុងក៏បានឲ្យដឹងថាប្រព័ន្ធទូរស័ព្ទថា ទាក់ទងទៅនឹងការសាងសង់តូបជុំវិញបរិវេណស្អាតនោះគិតមកដល់ពេលនេះបានប្រមាណជាង ៣០០ តូបហើយស្មើនឹង ៥០%ដែលក្នុងគម្រោងសាងសង់ជាង ៦០០តូប។ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងតែពន្លឿនក្នុងការសាងសង់ដើម្បីឆាប់បានឲ្យក្រុមអាជីវករបានចូលលក់៕