ព័ត៌មានជាតិ

ស្ថានីយបន្សុទ្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ ដែលមានស្តង់ដាខ្ពស់ កំពុងដំណើរយ៉ាងសកម្ម ក្នុងការបន្សុទ្ធទឹកចូលក្នុងសមុទ្រ

image

ព្រះសីហនុ៖ ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយដែលបានប្រើប្រាស់រួច ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ អាជ្ញាធរខេត្តព្រះសីហនុបានកសាងស្ថានីយប្រព្រឹត្តិកម្មកខ្វក់ចំនួន ២ រួចរាល់ហើយ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បន្សុទ្ធទឹកនៅទីក្រុងព្រះសីហនុ។

ស្ថានីយប្រព្រឹត្តកម្មនេះ ដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រទេ។ មិនតែប៉ុណ្ណោះវាថែមទាំងមានគុណភាពប្រកបដោយស្តង់ដាខ្ពស់ ដែលជាស្នាដៃរបស់កូនខ្មែរចំនួន ៦រូប ជាអ្នកសាងសង់វាឡើង។

 

លោក លី រិទ្ធ អគ្គនាយកនៃក្រុមហ៊ុន Xwater Technology Co. Ltd បានឱ្យដឹងថា ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី២នេះ ស្ថិតនៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ស្ថាននីយនេះបានដាក់ឱ្យដំណើរការរយៈពេល៦ខែមកហើយ។ បច្ចុប្បន្នស្ថានីយមួយកន្លែងនេះបានធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បានប្រមាណ ៥៨ម៉ឺនម៉ែត្រគូប។ ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះ នៅក្នុងសមុទ្រនោះទេ។

សូមបញ្ជាក់ថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ក្រៅពីនេះក៏មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មួយទៀត ដែលកំពុងបើកការដ្ឋានសាងសង់នៅឡើយ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។

                          

ចំពោះប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាន និងអគាររស់នៅរបស់ពលរដ្ឋ ត្រូវបានប្រមូលផ្តុំ និងត្រូវបានបញ្ជូនទៅកាន់អាងចម្រោះបឋមតាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះសំរាម ឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ២មីលីមែត្រ។ ទឹកកខ្វក់នេះ ត្រូវបានបូមឡើងចូលទៅក្នុងអាងទឹក ដែលអាចច្រោះសំរាម ឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ៦មីលីម៉ែត្រ ដោយបន្តហូរចូលអាងមួយទៀត ដែលអាចច្រោះភាគល្អិតទំហំធំជាង ឬស្មើមួយមីលីម៉ែត្រ។ ក្នុងដំណាក់កាលអាងចម្រោះបឋមនេះភាគល្អិត និងសមាសធាតុសរីរាង្គដែលមានទំហំជាង ឬស្មើ១មីលីម៉ែត្រ ត្រូវបានយកចេញ ហើយទឹកកខ្វក់នេះបន្តហូរចូលអាងចម្រោះផ្សេងទៀតរហូតបានក្លាយជាទឹកស្អាតដែលគេអាចបង្ហូរចូលសមុទ្របានដោយសុវត្តិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះឡើយ។ ក្រៅពីនេះទឹកដែលធ្វើប្រព្រឹត្តិកម្មរួច អាចបង្ហូរចូលសមុទ្របានហើយ ទឹកនេះគេថែមទាំងអាចចិញ្ចឹមត្រីក្រឹម ហើយកាកសំណល់ពីការចម្រោះទឹកកខ្វក់នេះគេអាចយកទៅធ្វើជាជីបម្រើលើវិស័យកសិកម្មបានទៀតផង។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថាស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើងនាថ្ងៃខាងមុខ។ វាក៏ជាគម្រោងដ៏មានសារៈសំខាន់មួយសម្រាប់បម្រើផលប្រយោជន៍ខេត្តទាំងក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត៕