ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពអនុប្រធានទី១ ព្រឹទ្ធសភា

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែតុលា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅបុរីប៉េង ហួត បឹងស្នោ ស្ថិតក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលឯកឧត្តមបានទទួលមរណភាព កាលពីថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគគាពាធ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះហត្ថលេខា លើសៀវភៅក្រាំងមាស មរណទុក្ខរបស់ ឯកឧត្តម នៃ ប៉េណា ដែលមានខ្លឹមសារជាអាទិ៍ថា «តាងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគសោកស្ដាយ ស្រណោះអាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គឺជាការបាត់បង់ នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អពិសេស និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់ នូវកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកា ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា សូមឆាប់បានយកកំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ


ព័ត៌មានទាក់ទង...