ព័ត៌មានជាតិ

គ.ជ ប ប្រកាសថា រយៈពេល៣ថ្ងៃ មានពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ជិត២ម៉ឺននាក់ហើយ

image

ភ្នំពេញ៖ គ.ជ.ប បានប្រកាសនៅព្រឹកនេះថា ក្នុងថ្ងៃទី៣ ខែតុលា ម្សិលមិញ ដែលត្រូវនឹងថ្ងៃទី៣នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋ ដែលអញ្ជើញទៅចុះឈ្មោះបោះឆ្នោតមានចំនួន ៨២៥២នាក់។

យោងតាមរបាយការណ៏របស់ គ.ជ.ប សម្រាប់រយៈពេល៣ថ្ងៃដំបូង នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានអ្នកចុះឈ្មោះថ្មីចំនួន ១៨.៥១៣នាក់។

ស្របគ្នានេះ គ.ជ.ប នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុនិងមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះ បោះឆ្នោត សូមរួសរាន់ទៅកាន់ឃុំសង្កាត់របស់ខ្លួន ។

សូមជំរាបថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៨ គឺមានរយៈពេល១៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ហើយគិតត្រឹមថ្ងៃទី០៤ ខែតុលានេះ គឺនៅសល់ពេលតែ ១៤ថ្ងៃទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ក៏អាចពិនិត្យមើលទិន្នន័យនិងព័ត៌មានរបស់ខ្លួន តាមរយៈគេហទំព័រផ្លូវការ www.voterlist.org.kh ឬ ទាញយក Voterlist KH(app) មកដាក់ក្នុងទូរស័ព្ទដៃ ដើម្បីពិនិត្យមើល កំហុសឆ្គង ហើយបើរកឃើញថា មានខុសនោះអាចស្នើសុំកែតម្រូវទៅកាន់ គ.ជ.ប៕