ការបម្លាស់ទីផ្ទះបណ្តែតទឹកនៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងសម្រេចបាន៤គោលដៅតូចៗ នៅសល់២គោល ដៅធំ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ឯកឧត្តមស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការបម្លាស់ទីផ្ទះបណ្តែតទឹកនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កំពុងដំណើរ
ការទៅមុខជាបន្តបន្ទាប់។


ក្នុងចំណោម ៦ គោលដៅមាន៤គោលដៅតូចៗ សម្រេចបាន១០០%ហើយ នៅសល់២គោល ដៅធំៗទៀតកំពុងដំណើរការបម្លាស់ទីជាបន្ត ។


ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ឲ្យ ដឹងទៀតថា គោលដៅ២ ដែលនៅមិនទាន់ធ្វើបម្លាស់ទីអស់ គឺនៅឃុំឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៌និងនៅចុងកោះ ក្នុងក្រុងកំពង់ឆ្នាំង។

យោងតាមផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨តទៅ អ្នកដែលរស់នៅលើផ្ទះបណ្តែតទឹកទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវធ្វើបម្លាស់ទីឡើងមករស់នៅគោកវិញ។


ការធ្វើបម្លាស់ទីផ្ទះទឹកឡើងគោកនេះ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើការជូនដំណឹង និង ចាប់អនុវត្តតាំងពីឆ្នាំ២០១៥ ហើយនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨នេះ នៅគ្រប់គោលដៅទាំងអស់ ដោយមិនអនុញ្ញត្តអោយពួកគាត់រស់លើផ្ទះបណ្តែតទឹកតទៅទៀតឡើយ ។

សូមបញ្ជាក់ថា ការរស់នៅលើផ្ទះបណ្តែតទឹកបានបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹក បង្កអោយស្ទះចរាចរណ៏ផ្លូវទឹក បាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពផងដែរ ។


ម្យាងទៀតការធ្វើអាជីវកម្មលើផ្ទះបណ្តែតទឹកដូចជាកន្លែងជួសជុលម៉ាស៊ីន ជាងក្រឡឹង សិប្បកម្មធ្វើទូក កាណូត អាជីវករលក់ប្រេងឥន្ធនៈ អាជីវកម្មបញ្ចូលអាគុយ​​ ការចោលសំរាម ថង់ប្លាស្ទិកនិងកាកសំណល់ផ្សេងៗទៀតទៅក្នុងទឹកបានធ្វើអោយប៉ះពាល់ដល់បរិស្ថានទឹកយ៉ាងធ្ងន់ធ្ងរ ។


ចំពោះអ្នករស់នៅលើផ្ទះបណ្តែតទឹកមានចំនួន២ ៣៩៧គ្រួសារ ហើយជនជាតិ វៀតណាមមានចំនួនច្រើនជាងគេ កំពុងរស់នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ដូចជានៅតំបន់ចុងកោះស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ និង មាននៅតាមតំបន់ផ្សេងៗមួយចំនួនទៀតផងដែរ៕ អត្ថបទ៖ ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation