អាជ្ញាធរខេត្តមណ្ឌលគិរីអំពាវនាវដល់ពលរដ្ឋនិងភ្ញៀវទេសចរណ៍ ចូលរួមសម្អាតបរិស្ថានក្នុងឱកាសពិធីបុណ្យភ្នុំបិណ្ឌ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖  បន្ទាប់ពីមានរមណីដ្ឋានធម្មជាតិជាច្រើនកន្លែងហើយនោះ បរិស្ថានក៏ជាកត្តាមួយដ៏សំខាន់ផងដែរសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នៅភូមិភាគឥសាន្តមួយនេះ ជាពិសេសក្នុងរដូវកាលភ្ជុំបិណ្ឌនេះតែម្តង។

ថ្មីៗនេះអាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្ត នៅខេត្តមួយនេះ សូមរួមគ្នាសម្អាតបរិស្ថាន ក្នុងរូបភាពមិនចោលសំរាមតាមទីសាធារណៈ និងវេចខ្ចប់កាកសំណល់អាហាររបស់ខ្លួនចោលតាមធុងសំរាមឲ្យបានត្រឹមត្រូវ ព្រោះការបន្សល់ទុកកាកសំណល់ទាំងនោះ គឺបានធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពទេសចរ គ្មានអនាម័យ និងបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ផ្សេងទៀតជាខ្លាំង និងជាផ្នែកមួយធ្វើឲ្យសក្ដានុពលធម្មជាតិថយចុះទៀតផង ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានថ្លែងទៀតថា បច្ចុប្បន្នមន្ទីរក៏បាននិងកំពុងយកចិត្តទុកដាក់អនុវត្តផែនការរបស់ក្រសួងទេសចរណ៍ដែលទើបដាក់ចេញ ស្ដីពីយុទ្ធនាការភោជនីយដ្ឋានស្អាត អាហារដ្ឋានស្អាតផងដែរ ក្នុងបំណងធ្វើយ៉ាងណាឲ្យបណ្ដាភោជនីយដ្ឋានទាំងអស់គ្មានសំរាមនៅក្រោមតុ ហើយគោលការណ៍នេះមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានចុះផ្សព្វផ្សាយទូទាំងខេត្តចំនួន៣លើកហើយដែរ និងបានពិនិត្យឃើញថា បញ្ហាអនាម័យ តាមភោជនីយដ្ឋាន អាហារដ្ឋាន មានភាពល្អប្រសើរជាងមុនច្រើន ប៉ុន្តែចំណុចគួរបារម្ភនោះគឺភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ក្នុងខេត្តមួយចំនួនមិនបានចូលរួមជាមួយការសម្អាតបរិស្ថាននោះទេ ពួកគាត់តែងចោលសំរាម ឬកាកសំណល់អាហារនៅតាមទីសាធារណៈ ដែលបានជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីទាំងមូល។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានបង្ហាញពីការរំពឹងទុកថា ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីនាឱកាសភ្ជុំបិណ្ឌនេះ នឹងមានកំណើនបន្ថែមទៀតបើធៀបនិងឆ្នាំមុន ព្រោះក្នុងនាមមន្ទីរទេសចរណ៍បានពិនិត្យឃើញថា កត្តាសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យប្រជាពលរដ្ឋមានការរីកចម្រើន អភិវឌ្ឍន៍ខ្លួនតាមនោះដែរ ដូច្នេះពួកគាត់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការដើរលេងកម្សាន្ត ហើយជាក់ស្ដែងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមណ្ឌលគិរីបានទាក់ទាញកំណើនទេសចរណ៍រៀងរាល់ឆ្នាំផងដែរ ផ្អែកលើសក្ដានុពលធម្មជាតិ ដែលខេត្តមណ្ឌលគិរីមានស្រាប់នោះ ។

លោក ងិន សុវិមាន បានឲ្យដឹងទៀតថា គិតត្រឹមរយៈ៩ខែ ក្នុងឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ដែលមកលេង កម្សាន្តនៅខេត្តមណ្ឌលគិរី សរុបមានចំនួនជាង១៥ម៉ឺន៥ពាន់នាក់ ក្នុងនោះទេសចរណ៍ជាតិមានចំនួន ជិត១៥ម៉ឺននាក់ ចំណែកភ្ញៀវអន្តរជាតិ ជិត១ម៉ឺននាក់ ហើយតួលេខនេះបើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សម្រាប់ចំនួនភ្ញៀវសរុបកើនឡើងប្រហែល ១២,៣១% ក្នុងនោះភ្ញៀវជាតិ កើនឡើង១២,១៦% និងភ្ញៀវអន្តរជាតិ កើនឡើង ១៤,៧៨% ៕


អត្ថបទ៖ នាង ចាន់ថា រូបភាព៖ប៊ុត សុភ័ក្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation