លោកជំទាវអភិបាលក្រុងយូកូហាម៉ា បានលើកឡើងចំពោះមុខសម្តេចតេជោ ថាឆ្នាំ២០១៨នេះគឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរកម្ពុជា ជប៉ុន ប្រទេសយើងតាំងពីរតែងតែបានជួយគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍នៃប្រទេស ទាំងពីរ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោនាយករដ្ឋមន្រ្តី នាវេលាថ្ងៃត្រង់ទី០៧ តុលា ឆ្នាំ២០១៨នេះ ត្រូវបានលោកជំទាវ ហ្វុមីកូ ហាយ៉ាស៊ី អភិបាលក្រុងយូកូហាម៉ា ប្រទេសជប៉ុន អញ្ជើញពិសារអាហារថ្ងៃត្រង់ការងារ។ ក្នុងជំនួបអាហារ ការងារថ្ងៃត្រង់នោះ លោកជំទាវអភិបាលក្រុងមានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ បំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ និងគណះប្រតិភូដែលបានជ្រើសរើសយក ទីក្រុងយូកូហាម៉ា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវ មុនពេលដែលសម្តេចនិងមេដឹកនាំនៃប្រ ទេសមេគង្គចំនួន៤ទៀត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៩តុលា។

លោកជំទាវអភិបាលក្រុងមានប្រសាសន៍បន្តថា ទីក្រុងយូកូហាម៉ា ពិសេសកំពង់ផែអន្តរជាតិយូកូហាម៉ា មានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងណាស់ជាមួយនិង កំពុងផែស្វយ័តខេត្តព្រះសីហនុ។ លោកជំទាវអភិបាលក្រុងបន្តថា ឆ្នាំ២០១៨នេះគឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរកម្ពុជា ជប៉ុន ហើយក្នុងរយះពេល៦៥ឆ្នាំកន្លង មកនេះ ប្រទេសយើងតាំងពីរតែងតែបានជួយគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍នៃប្រទេស ទាំងពីរ។ លោកជំទាវមានប្រសាសន៍ដែរថា ដោយសារតែប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ទំ នង និងជួយគ្នាទៅវិញទៅមកជាយូរមកហើយនោះ ពេលនេះកម្ពុជាកំពុងតែមានវត្តមានកីឡាករ ហុងដា កំពុងតែជួយបង្ហាត់ដល់កីឡាករជម្រើសជាតិកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះថ្នាក់ដឹកនាំក្រុងយូកូហាម៉ា ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ចនិងទទួលទានអាហារការ ងារថ្ងៃត្រង់ជូនចំពោះសម្តេច និងគណះប្រតិភូ។ សម្តេចតេជោមានប្រសាសន៍ថា បើទោះបីជាមានរយះពេលខ្លីក្នុងការអញ្ជើញទស្សនាទីក្រុងយូកូហាម៉ា ពិសេសទស្សនកិច្ចកំពង់ផែអន្តរជាតិ យូកូហាម៉ា ក៏ពិតមែនតែសម្តេចសូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ថ្នាក់ដឹកនាំកំពង់ផែនអន្តរជាតិ យូកូហាម៉ា ដែលបានធ្វើកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់ កំពង់ផែស្វយ័តខេត្តព្រះសីហនុក្នុងរយពែលកន្លងមក និងបន្តទៅអនាគត។

សម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងឥតសំចៃ ក្នុងការស្វែងរក សុខសន្តិភាព ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ពោលគឺការរីកចម្រើនរបស់ប្រទេសកមក្ពុជានៅពេលបច្ចុប្បន្ននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីជួយឧបត្ថម្ភគាំទ្រពីសំណាក់ រដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពទៅនិង ប្រសាសន៍លើកឡើងរបស់លោកជំទាវអភិបាលក្រុង ស្តីពីសកម្មភាពនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានរយះពេល៦៥ឆ្នាំកន្លងមក។ សម្តេចតេជោបន្តថា ទីក្រុងយូកូហាម៉ាធ្លាប់ បានរួមចំណែកជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្នុងនោះកីឡាករល្បីរបស់ជប៉ុន គឺលោក ហុងដា បានជួយបង្ហាត់ដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីអ្វីដែលកីឡាកររូប នោះ បានជួបជាមួយសម្តេចកាលពីឆ្នាំ២០១៦ ដែលបានឆ្លើយតបតាមសំណើររបស់សម្តេច ក្នុង ការជួយដល់កម្ពុជា។ សម្តេចតេជោបន្តថា សម្តេចនិងរកពេលវេលាដើម្បីអញ្ជើញកីឡារូបនោះ មកជួបសម្តេចជាថ្មីម្តងទៀត ដើម្បីធ្វើការពិភាក្សាលើការងារជាច្រើន ដែលទាក់ទិនទៅនិងវិស័យកីឡា ក៏ដូចជាជួយផ្សព្វផ្សាយពីការទប់ស្កាត់ពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

បន្ទាប់មកសម្តេចតេជោ និងគណប្រតិភូ អញ្ជើញទស្សនាគម្រោងអភិវឌ្ឍន៍តំបន់ មីណាតូ មីរ៉ាយ ពីលើអាកាសកំពស់២០០ម៉ែត្រ នៃសណ្ឋាគារឡែនម៉ាក ក្នុងទីក្រុងយូកូហាម៉ា។ សូម បញ្ជាក់ថា នៅលើទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រទេសជប៉ុនបាននាំចូលទៅកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១១ មានទំហំ៣០៧លាន៦៩ពាន់ដុល្លាអាមេរិក ឆ្នាំ២០១២មានទំហំ៦០២លាន៧៤ពាន់ដុល្លា និងនៅ៦ខែដើមឆ្នាំ២០១៣មានទំហំ ៨៥លាន១៧ពាន់ដុល្លាអាមេរិក ជាមួយគ្នានេះការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១១មានទំហំ២០៤លាន៨៧ពាន់ដុល្លា ឆ្នាំ២០១២មានទំហំ១៩៧លាន៧ពាន់ដុល្លា និង៦ខែដើមឆ្នាំ២០១៣ មានទំហំ១២៩លាន៧០ពាន់ដុល្លាអាមេរិក។

ជាមួយគ្នានេះប្រទេសជប៉ុនបានផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅចំនួន៣៥៥៥មុខទំនិញ និងការលើកលែងពន្ធគយ និងកូតាចំនួន៨៨៥៩មុខ ក្នុងនោះទំនិញកសិកម្មនិងនេសាទ ១៩៨៣មុខ ទំនិញឧស្សាហកម្មមាន៦៩៦៦មុខ ក្នុងនោះលើកលែងតែផលិតផលស្ករ អង្ករ ផលិតផលត្រីមួយចំនួន ម្សៅ និងផលិតផលស្បែកខ្លះ។

ទន្ទឹមនឹងនេះប្រទេសជប៉ុនបានធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះឆ្នាំ២០១១មានទំហំ១២០លានដុល្លាអាមេរិក ឆ្នាំ២០១២មានទំហំ២១២លាន៣៣ពាន់ដុល្លា និង៩ខែដើមឆ្នាំ២០១៣ មានទំហំ២០លាន៩២ពាន់ដុល្លា វិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ ការសាងសង់ផ្សារទំនើប និងការកែច្នៃឈើ។ លើវិស័យទេសចរណ៍ មានអ្នកទេសចរណ៍ជប៉ុន ធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាមានការកើនឡើងផងដែរ ក្នុងនោះឆ្នាំ២០១២មានអ្នកទេសចរណ៍ជប៉ុន មកកាន់ប្រទេសកម្ពុជា មានចំនួន១៧៩ពាន់៣២៧នាក់ ស្ថិតនៅលំដាប់ថ្នាក់ទី៦ និងក្នុងរយៈពេល ៩ខែនៃឆ្នាំ២០១៣ មានអ្នកទេសចរណ៍ជប៉ុនមកកាន់កម្ពុជាមានចំនួន១៥០ពាន់៣៤៧នាក់ បានកើនឡើង១៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣ ពោលគឺនៅតែរក្សាលំដាប់លេខរៀងទី៦ នៃចំនួនភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាប្រទេសកម្ពុជា។

លើការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ប្រទេសជប៉ុនបានរួមចំណែកដល់ការផ្តល់ជំនួយឥតសំណងដ៏ធំធេងគេបំផុត ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាឡើងវិញ ក្នុងនោះក្នុងឆ្នាំ២០១២-២០១៣ ប្រទេសជប៉ុនបានផ្តល់នូវជំនួយឥតសំណងមានទឹកប្រាក់១១២លាន៤សែនដុល្លាអាមេរិក សំរាប់បំរើដល់ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល គ្រោះមហន្តរាយដោយទឹកជំនន់ រោងចក្រវ៉ារីអគ្គិសនីខ្នាតតូច អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងកម្មវិធីបោសសំអាតគ្រាប់មីន។

នៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតភាគីទាំងពីរកម្ពុជា ជប៉ុន បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ជាច្រើន ក្នុងនោះកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការបច្ចេកទេស ចុះហត្ថលេខាក្នុងឆ្នាំ២០០៣ កិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ ចុះហត្ថលេខាក្នុងឆ្នាំ២០០៧ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងក្របខណ្ឌប្រតិបត្តិការរក្សាសន្តិភាព អង្គការសប្រជាជាតិ ចុះហត្ថលេខាក្នុងឆ្នាំ២០១៣។

អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថែទាំសុខភាព ចុះហត្ថលេខាក្នុងឆ្នាំ២០១៣ ជាមួយគ្នានេះនៅក្នុងដំណើរទស្សនកិច្ចការ ងារផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ប្រទេសជប៉ុនកាលពីខែធ្នូឆ្នាំ២០១៣ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងអនុស្សារណៈសំខាន់ៗចំនួន៤ ក្នុងនោះទី១ លិខិតប្តូរសារស្តីពីគំរោងកែលំអរផ្លូវជាតិលេខ១ ទី២លិខិតប្តូរសារស្តីពីគំរោងការធ្វើឲ្យប្រសើរឡើង នូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទី៣លិខិតប្តូរសារស្តីពីគំរោងកែលំអសម្ភារៈ សំរាប់ការជួសជុលស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត និងទី៤អនុស្សារណៈស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយោធា រវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការតម្លើង ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation