សម្តេចតេជោ ហ៊ុន សែន នឹងធ្វើមាតុភូមិនិវត្តន៍នៅរសៀលថ្ងៃស្អែក បន្ទាប់ពីចូលរួមវេទិកានៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ IMFនិង World Bank នៅកោះបាលី
| ព័ត៌មានជាតិ
SHARE

បាលី៖ កាលពីល្ងាច ថ្ងៃទី១០ ខែតុលា ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រ កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាដែល ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី ដើម្បីអញ្ជើញចូលរួម វេទិកានៃ ជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ ពីថ្ងៃទី១០ដល់ថ្ងៃទី១២តុលា។

បើតាមក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងជំនួបនេះ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងអញ្ជើញធ្វើបទអន្តរាគមន៍ចំនួន២ ក្នុងនោះទី១ ថ្លែងក្នុងវេទិកានៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងទី២ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨។

ក្រសួងការបរទេសបញ្ជាក់ថា សម្រាប់កិច្ចជំនួបថ្នាក់ដឹកនាំអាស៊ាននឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ។ ហើយក្នុងឱកាសនៃកម្មវិធីជំនួបថ្នាក់ដឹកនាំអាស៊ាននោះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ស្តីពីភាពរឹងមាំនៃសេដ្ឋកិច្ចអាស៊ាន ទីផ្សារដ៏មានសក្តានុពល បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការកសាងសហគមន៍សេដ្ឋកិច្ច អាស៊ាន និងគោលដៅអភិវឌ្ឍន៍សហស្សវត្ស។

ក្រសួងការបរទេសបន្ថែមថា ថ្នាក់ដឹកនាំអាស៊ាននឹងប្រើប្រាស់ឱកាសនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបង្កើនទំនាក់ទំនងថែមទៀត ជាមួយអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រធានធនាគារពិភពលោក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការបង្កើត ឡើងនូវកម្លាំងសរុបរវាងកិច្ចប្រឹងប្រែងថ្នាក់ជាតិ អាស៊ាន និងស្ថាប័នហិរញ្ញវត្ថុសកល ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ទាក់ទង ដល់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់ និងការបង្កើនល្បឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មតំបន់។

ស្របគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចថា សម្តេចនឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ត្រឡប់ទៅកាន់មាតុប្រទេសវិញ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ខានស្អែកនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation