ភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ១លាន ២សែនបានដើរកម្សាន្តទូទាំងប្រទេស កើនឡើង២០%បើធៀបនឹង ឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម តុប សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់CNC នាព្រឹកនេះថា រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ១លាន ២សែនបានដើរកម្សាន្តទូទាំងប្រទេស កើនឡើង២០%បើធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល៣ថ្ងៃនៃការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ តុលា មានអ្នកទេសចរជាង ១លាន២សែននាក់ បានចេញទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស ដែលក្នុងនោះមានភ្ញៀវទេសចរជាតិ មានចំនួន ១,២១៣,៦៨៧នាក់ កើនឡើង ២០.២៩ភាគរយ។ ភ្ញៀវអន្តរជាតិ មានចំនួន ៤៨,០០៤នាក់ កើនឡើង ២៣.៩៣ភាគរយ។

យោងតាមរបាយការណ៍ដដែលបង្ហាញថា តំបន់ទេសចរណ៍ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមានខេត្តសៀមរាប , កំពង់ឆ្នាំង, កំពត,បាត់ដំបង,ព្រះសីហនុ,កណ្តាល,បន្ទាយមានជ័យ,កំពង់ធំ,ពោធិ័សាត់និងខេត្តកែប។
ហើយសម្រាប់ខេត្តដែលមានភ្ញៀវទេសចរណ៏កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ជាងគេនោះរួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តខេត្តពោធិ៍សាត់។

ក្រសួងទេសចរណ៏បញ្ជាក់ថា ផ្នែកលើស្ថិតិ គឺសង្កេតឃើញថា ភ្ញៀវទេសចរណ៏ដែលទៅកំសាន្តខេត្តតំបន់ឆ្នេរ ដែលមានខេត្ត កែប ព្រះសីហនុ និងកោះកុងមានការថយចុះខ្លាំង ប៉ុន្តែខេត្តកំពតមានភ្ញៀវកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោនិង ទឹកឈូ។


ក្នុងរបាយការណ៍ បានបង្ហាញពីការកត់សម្គាល់របស់មន្ទីរទេសចរណ៍តាមបណ្តាខេត្តនីមួយៗផងដែរ ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើន កាន់តែប្រសើរ។ ភាពល្អប្រសើរនោះមានដូចជា៖ អាចទប់ស្កាត់ការដំឡើងថ្លៃ ហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវ ជាមុនបានត្រឹមត្រូវបញ្ហាបរិស្ថាន អនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចាត់តាំងក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាមនៅតែជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់បន្ថែម។ សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាព ក៏មានភាព ល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធ ជាមួយកម្លាំងមាន សមត្ថកិច្ច ចាប់តាំងពីក្រុម ការងារប្រចាំការ នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation