ព័ត៌មានជាតិ

បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេបន្ទាប់ពីខេត្តសៀមរាប

image

កំពង់ឆ្នាំង ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺថ្ងៃទី ៨,៩និង ១០ ខែតុលា មានភ្ញៀវទេសចរណ៍ជាង១៣ម៉ឺននាក់ ដែលបានមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍
និងរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល៣ថ្ងៃនៃការ ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានអ្នកទេសចរណ៍ចំនួន១៣១០០០នាក់ បានមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង។ ចំនួននេះស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីខេត្តសៀមរាបដែលមាន
ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តចំនួន ២៥២ ៤២២នាក់។

ចំពោះមូលហេតុដែលធ្វេីអោយខេត្តកំពង់ឆ្នាំងក្លាយជាខេត្តគោលដៅដែលសក្តានុពលទេសចរណ៍ នារដូវបុណ្យភ្ជុំបិណ្ឌ ត្រូវបានមន្ត្រីជំនាញអះអាងថា ដោយសារខេត្តមួយនេះ​​ មានការអភិវឌ្ឍន៍ ប្រែក្លាយមុខមាត់ថ្មីរីកចំរេីនយ៉ាងឆាប់រហ័ស ជាពិសេសផ្លូវធ្វេីដំណេីរដែលបានតភ្ជាប់ពីទីរួមខេត្តទៅកាន់តំបន់ដាច់ស្រយាលមួយចំនួននៅក្នុងខេត្ត ។​
ក្រៅនោះក៏មានការរួមចំណែកពីភាពល្អប្រសេីរនៃសន្តិសុខ សុវត្តិភាព និងសន្តិភាព ដែលជាកត្តាចម្បងផងដែរ។
ការស្ថាបនាផ្លូវខ្វាត់ខ្វែងជាបន្តបន្ទាប់នេះហេីយបានធ្វេីអោយអ្នកទេសចរណ៍អាចមានឱកាសធ្វេីដំណេីរកាន់តែមានភាពងាយស្រួយ ប្រេីប្រាស់ពេលវេលាឆាប់រហ័សអាចទៅដល់ទីតាំងទឹកធ្លាក់តាមតំបន់ភ្នំ បឹងបួរ ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋាននានា ដែលពីមុនមកគ្មានអ្នកទៅដល់។

សូមបញ្ជាក់ថា តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេសចរណ៍ ទៅលេងច្រើនជាងគេ រួមានមាន ទំនប់ស្ទាក់ទឹកស្ទឹងគង្គា ទឹកធ្លាក់អន្លង់ស្វាយ ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ទំនប់២០ឧសភា ស្ថិតក្នុងស្រុករលាប្អៀរ ទំនប់ស្ទាក់ទឹកអាចាំង តំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូណ៌ និង មាត់ទន្លេផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ៕
អត្ថបទ៖ ហ៊ឹង ចូច