ពិព័រណ៍ទេសចរណ៍កម្ពុជាឆ្នាំនេះ មានស្ថាប័នទេសចរណ៍៨០ប្រទេសចូលរួម និងមានស្តង់សរុប១៧៣ដាក់បង្ហាញផលិតផលរបស់ខ្លួន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ (CTM 2018) ត្រូវបានបើកសម្ពោធ និងធ្វើពិធីកាត់ខ្សែបូ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងភ្ញៀវកិត្តិយស់ពាក់ព័ន្ធជាច្រើនទៀត។

បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ CTM 2018 នេះ ទទួលបានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់ មកពី៨០ប្រទេស ដោយក្នុងនោះមាន ស្ថាប័នទេសចរណ៍ជាតិ (National Tourism Organization- NTO) មកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍។

ឯកឧត្តមបន្តថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ បានប្រារព្ធធ្វើម្ដងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១៧កន្លងទៅ នៅខេត្តសៀមរាប CTM 2017 ដោយទទួលបានជោគជ័យគួរជាទីមោទនៈ ហើយលើកទី២ ឆ្នាំ២០១៨នេះ ក៏សង្ឃឹមថា កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់ដែលចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ បានកើនឡើងរហូតដល់ ៥៥.៩%។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៍ និងធម្មជាតិ បាននិងកំពុងបោះជំហានរីកចំរើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ។ ឯកឧត្តម បញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានបេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យ ដោយនិងបន្តខិតខំបន្ថែមទៀត ដើម្បីប្រែក្លាយកម្ពុជា ដែលជាប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកឡើងគាំទ្រទាំងស្រុងនូវ អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបជាមួយនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ពីជំហរដ៏ម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញ៉មជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយឡើយ៕

អត្ថបទ៖ អៀវ ឈៀងនី និង រូបភាព៖ កែវ សារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation