ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីសិង្ហបុរី អរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចូលរួមស្វែងរកការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា

image

អត្ថបទលោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី នៃប្រទេសសិង្ហបុរី បានថ្លែងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកម្ពុជាដែលបានចូលរួមស្វែងរកការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងឱកាសជួបពិភាក្សាការងារតាមរយៈវីដេអូអនឡាញជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២នេះ។

ក្នុងជំនួបនេះ បើតាមការឲ្យដឹងពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្តេចតេជោ ហ៊ុនសែន និងលោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី បានពិភាក្សាគ្នាអំពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា និងសិង្ហបុរីផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី អំពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកន្លងទៅនេះ ដោយបានរៀបរាប់អំពីដំណើរការលទ្ធផលទាំងឡាយអំពីទស្សនកិច្ចទាំងនេះ ជាពិសេសគោលបំណងសម្ដេចតេជោនាយករដ្ឋមន្ត្រីជួយដល់វិបត្តិនៅមីយ៉ាន់ម៉ា ដោយធ្វើយ៉ាងណាឱ្យអនុវត្តបទឈប់បាញ់ជាបន្ទាន់ និងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលចាំបាច់ត្រូវការក្នុងកាលៈទេសៈនេះ ជាពិសេសក៏មានការជំរុញឲ្យមានការសន្ទនាផងដែរ​ដែលជាការងារចាំបាច់ក្នុងនាមជាប្រធានអាស៊ាន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី បានថ្លែងអំណតគុណដល់សម្ដេចតេជោនាយករដ្ឋមន្រ្តីដែលបានជម្រាបជូនអំពីលទ្ធផល នៃដំណើរទស្សនកិច្ចការងាររបស់សម្ដេចនៅឯទីក្រុងណៃពីដោ នៃប្រទេសមីយ៉ាន់ម៉ា ។

លោកនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី ក៏បានអរគុណដល់កម្ពុជាដែលបានចូលរួមស្វែងរកការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ លោក ក៏បានគូសបញ្ជាក់ថា យើងពិតជាគាំទ្រនៃការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅពេលនេះ រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាន។

ជាចុងក្រោយនៃជំនួបនេះ លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីក៏បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ការងារបន្តគឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំ ដើម្បីពិនិត្យមើលការងារបន្តទៀត ជាពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានដែលក្នុងស្ថានភាពកាលៈទេសៈនេះតម្រូវឲ្យជួយដល់មីយ៉ាន់ម៉ាដើម្បីដោះស្រាយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា៕