អភិបាលខេត្តមណ្ឌលគិរី ស្នើដល់មន្រ្តីជំនាញត្រៀមទឹកស្រោចស្រពដំណាំស្រូវនៅស្រុកកោះញែក បើក្នុងអំឡុងខែវិចិ្ឆកាខាងមុខនេះ ពុំមានភ្លៀងធ្លាក់
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ជំរុញបែបនេះ ក្នុងការចុះពិនិត្យមើលស្ថានភាពការងារការបង្កបង្កើនផលស្រូវស្រែរបស់ប្រជាកសិករ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មអភិវឌ្ឍន៍មានជ័យ ក្នុងឃុំស្រែសង្គម និងឃុំអរបួនលើ ស្ថិតនៅស្រុកកោះញែក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ។


អភិបាលខេត្តមណ្ឌលគិរីបានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវស្រែរបស់ប្រជាកសិករ គឺមានបញ្ហាប្រឈមពីរ ទី១. ប្រជាកសិករមានការប្រែប្រួលក្នុងការធ្វើស្រូវស្រែនេះដោយសារកសិករធ្វើស្រែពីរដងក្នុងមួយឆ្នាំ មានស្រូវស្រាល និងស្រូវធ្ងន់ ហើយដំណាំស្រូវឆ្នាំនេះ ឃើញមានអំណោយផលល្អ តែក៏អាចប្រឈមការខ្វះខាតទឹកស្រែនៅតំបន់មួយចំនួន បើអត់មានភ្លៀងធ្លាក់ ក្នុងអំឡុងខែវិច្ឆិកានេះ។ ទី២ ស្នើដល់មន្រ្តីជំនាញ ត្រូវពិនិត្យមើលស្ថានភាពទំនប់អូរយេះ និងទំនប់អូរណំ និងត្រូវសិក្សាឡើងវិញ ដើម្បីធ្វើការស្តារ ឫអាចទប់ទឹកសម្រាប់ប្រើប្រាស់ ក្នុងការស្រោចស្រពដំណាំស្រូវស្រែនារដូវប្រាំងខាងមុខនេះ។


ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំដល់សហគមន៍កសិកម្មអភិវឌ្ឍន៍មានជ័យ ត្រូវខិតខំចងក្រង និងប្រមូលធនធាន ជាពិសេស ផ្តល់ឱកាសដល់សមាជិក គិតកម្ចីអាត្រាការប្រាក់ទាបបំផុត ដើម្បីធ្វើជាដើមទុន ក្នុងការបង្ករបង្កើនផលកសិកម្មឱ្យមានជីវភាពសមរម្យ។


ជាងនេះទៅទៀត ឯកឧត្តម បានជម្រុញដល់សហគមន៍កសិកម្ម រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំដាំដុះដំណាំស្រូវស្រែ និងដំណាំបន្លែផ្សេងៗបន្ថែមទៀត ជាពិសេស ត្រូវចេះជ្រើសរើសពូជ ដែលសមស្របតាមតម្រូវការទីផ្សារ និងតាមបច្ចេកទេសរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យទទួលបានទិន្នផលខ្ពស់។


តាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំស្រូវស្រែអនុវត្តនៅទូទាំងខេត្តក្នុងឆ្នាំ២០១៨ គិតមកដល់បច្ចុប្បន្ន មានចំនួន២៥.៥៥៤ហិកតា ប្រមូលផលបានចំនួន៨៥៩ហិកតា ទិន្នផលស្រូវ៣.១៩៨គីឡូក្រាម/ហិកតា បរិមាណផលសរុប ស្មើនឹង២,៧៤៧តោន រីឯតម្លៃ៧២០រៀល/គីឡូក្រាម (ស្រូវសើម)។ លោកប្រធានមន្ទីរ បានបន្ថែមថា នៅស្រុកកោះញែក គឺមានសហគមន៍កសិកម្មចំនួន០៥ ទី១ សហគមន៍កសិកម្ម កោះញែក ទី២ សហគមន៍កសិកម្ម សិរីមានរិទ្ធ ទី៣ សហគមន៍កសិកម្ម សាមគ្គីភូមិទួល ទី៤ សហគមន៍កសិកម្ម អភិវឌ្ឍន៍មានជ័យ និងទី៥ សហគមន៍កសិកម្ម សាមគ្គីរីកចម្រើន៕ (អត្ថបទ៖ នាង ចាន់ថា, រូបភាពប៊ុត សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation