អជ្ញាធរនិងមន្ត្រីជំនាញនៅតែបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងទៅលក់នៅវៀតណាម ទោះបីមានបញ្ជាយ៉ាងដាច់អហង្ការពីអភិបាលខេត្តមណ្ឌលគិរីយ៉ាងណាក្តី
មណ្ឌលគីរី៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្ក្រាប និងរឹបអូសឈើមួយកន្លែង ដែលឈ្មួញបានយកទៅលាក់ទុកបម្រុងដឹកចេញទៅប្រទេសវៀតណាម ស្ថិតនៅចំនុចលូបាក់ ភូមិអូរអាម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។
លោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃស្រុកកែវសីមា បានឲ្យដឹងថា ក្រោយពីមានការបញ្ជាពីលោកព្រះរាជអជ្ញារង អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យមើល និងបានធ្វើការរឹបអូសឈើខុសច្បាប់ជាច្រើនដុំ ដែលឈ្មួញបានយកទៅលាក់ទុក។ លោកបានឲ្យដឹងទៀតថា ឈើដែលប្រមូលបានទាំងអស់រួមមាន ឈើគគីរ៧ដុំធំ បេងនិងធ្នុងចំនួន១០ដុំ។
ប្រជាពលរដ្ឋបានលើកឡើងថា ទោះបីជាមានការបង្ក្រាបយ៉ាងនេះក្តី ប៉ុន្តែសកម្មភាពដឹកឈើនៅតែកើតមានយ៉ាងគគ្រឹកគគ្រេងនៅស្រុកកែវសីមាមួយនេះ ដែលមិនឃើញមានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញធ្វើការឃាត់ចាប់នោះទេ រហូតដល់មានការបញ្ជាពីលោកព្រះរាជអាជ្ញា ទើបនាំគ្នាចុះទៅបង្ក្រាប។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការចរាចរដឹកជញ្ជូនឈើនេះ ឈ្មួញប្រើរូបភាព ដឹកដោយម៉ូតូ រថយន្ត និងម៉ូតូរម៉ក ធ្វើសកម្មភាពដឹកជញ្ជូនឈេីទាំងយប់ទាំងថ្ងៃ យកទៅលាក់ទុកនៅស្រុកកែវសីមា និងធ្វើការដឹកជញ្ជូនបន្តទៅប្រទេសវៀតណាម។
កាលពីពេលថ្មីៗនេះដែរ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងដាច់អហង្កាមិនឲ្យមានការជួញដូរ ឈើខុសច្បាប់ណាមួយឆ្លងដែនទៅប្រទេសវៀតណាម ប៉ុន្តែមន្ត្រីថ្នាក់ក្រោមនៅតែផ្គើននឹងបទបញ្ជារបស់ឯកឧត្តម អភិបាលខេត្ត លួចបើកដៃឲ្យឈ្មួញឈើធ្វើការដឹកជញ្ជូនឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរីឆ្លងដែន ទៅប្រទេសវៀតណាមយ៉ាងអណាធិបតេយ្យ៕ (អត្ថបទ៖នាង ចាន់ថា, រូបភាព៖ប៊ុត សុភក្រ្ត)