ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រនៃនិមិត្តរូបឯករាជ្យនិងឯកភាពជាតិខ្មែរ
| ព័ត៌មានជាតិ
SHARE

នាថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា គ្រឹស្តសករាជ ២០១៨ ជនជាតិខ្មែរគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ រាប់ចាប់ពីព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកកំពូលៗ រហូតដល់ប្រជាពលរដ្ឋសាមញ្ញរទូទាំងព្រះរាជាណាចក្រកម្ពុជាបានសម្តែងការនឹករលឹកអាលោះអាល័យនិងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ ។

ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ត្រូវបានប្រសិទ្ធព្រះនាមថា ជាព្រះមហាវីរក្សត្រ ជាព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ កូនខ្មែរគ្រប់ៗនៅតែចង់ចាំជាប់ក្រអៅបេះដូងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បុរណភាពទឹកដីផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ដល់គ្រប់វិស័យសម្រាប់ព្រះរាជាណាចក្រកម្ពុជានិងប្រជារាស្ត្ររបស់ព្រះអង្គចាប់តាំងពីព្រះអង្គឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រពីខែមេសា ឆ្នាំ១៩៤១ រហូតដល់ទ្រង់យាងសោយព្រះទីវង្គត់នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

ពលរដ្ឋកម្ពុជា តែងតែរំលឹកដឹងគុណដល់ព្រះរាជបូជនីយកិច្ច របស់ព្រះបរមរតនកោដ្ឋក្នុងការ ទាមទារកេតនភណ្ឌឯករាជ្យ ១០០ ភាគរយ ជូនជាតិមាតុភូមិនៅឆ្នាំឆ្នាំ១៩៥៣ ។ រៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធនូវពិធីបុណ្យឯករាជ្យជាតិ ដែលជាថ្ងៃរំលឹកទៅដល់ស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះមរមរតនកោដ្ឋដេលធ្វើអោយព្រះរាជអាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។

ព្រះរាជបណ្តាំចុងក្រោយ នៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលកូនខ្មែរ គ្រប់ត្រូវតែងចង់ចាំនិងត្រូវអនុវត្តតាម នោះ «ខ្មែររួបរួមគ្នា មានន័យថាខ្មែរខ្លាំង!» ដែលមានន័យថា អោយកូនខ្មែរទាំងអស់កុំឈ្លោះគ្នា ចេះស្រលាញ់គ្នា សាមគ្គីគ្នា ព្រោះថា បែកបាក់ស្លាប់សាមគ្គីរស់ បើខ្មែររួបរួមសាមគ្គីគ្នា ប្រែមកថាខ្មែរខ្លាំង ខ្មែរឈ្នះ ខ្មែររីកចំរើន។

ដូច្នេះ ថ្ងៃ១៥តុលា និងថ្ងៃ ៩វិច្ឆកា កាលបរិច្ឆេទទាំង២ដ៏មានសារៈសំខាន់នេះ ជាថ្ងៃដែលប្រជានុរាស្ត្រខ្មែរទូទាំងប្រទេសកម្ពុជា នឹករលឹកនៅដល់ ព្រះរមនកោដ្ឋ ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ ។

ព្រឹត្តការណ៏សំខាន់នៃទំព័រប្រវត្តិសាស្ត្រទាំងពីរនេះ នឹងក្លាយជាទិវានៃនិមិត្តរូបរំលឹកដាស់តឿនកូនខ្មែរគ្រប់រូបអោយចេះ ស្រលាញ់រួបរួមសាម្គីគ្នា ក្នុងស្មារតីឯករាជ្យជាតិខ្មែរតែមួយ៕

ដោយ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation