សម្តេចពិជ័យសេនា ទៀ បាញ់ បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីសម្ពោធវិមានអនុស្សាវរីយ៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការសាងសង់ វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បាននិងកំពុង ដឹកនាំសមាសភាពរបស់គណៈកម្មការអន្ដរក្រសួង បើកកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំ ពិធីសម្ពោធវិមាន អនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរ ខួបលើកទី២០ នៃទិវាឈ្នះ-ឈ្នះនៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្ដប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្ដេច តេជោ ហ៊ុន សែនខណៈពិធីសម្ពោធវិមានឈ្នះ-ឈ្នះនេះ គ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៨ខាងមុខនេះក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

វិមានឈ្នះឈ្នះ ដែលមានកម្ពស់ប្រមាណ ៥៤ម៉ែត្រ ទទឹង ៣៦ម៉ែត្រ ត្រូវបានសាងសង់ លើផ្ទៃដីសរុបចំនួន ៨ហិកតាស្ថិតនៅក្នុង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចារឹក ទៅដោយ សកម្មភាពតស៊ូ របស់ឥស្សរជនជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺចរឹក ទៅដោយ សកម្មភាពតស៊ូ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សិលាចារឹកទាំងនោះ ភាគច្រើនផ្សារភ្ជាប់ជាមួយ សកម្មភាពតស៊ូ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការ សង្គ្រោះជាតិ ដូចជាព្រឹត្តិការណ៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរភៀសខ្លួន ទៅប្រទេសវៀតណាម ដើម្បីស្វែងរក ការជួយ ឧបត្ថម្ភក្នុងការ តស៊ូរំដោះជាតិ។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation