ការផ្សាយព័ត៌មានជាភាសាជនជាតិដើមភាគតិច កំពុងជាទីចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋក្នុងខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានថ្លែងប្រាប់ទូរទស្សន៍ CNCនៅថ្ងៃទី១៦ ខែតុលានេះថា បច្ចុប្បន្នមន្ទីរព័ត៌មានខេត្ត បានធ្វើការផ្សព្វផ្សាយព័ត៌មានសង្គម តាមរយ:រលកធាតុអាកាសវិទ្យុ និងទូរទស្សន៍ខេត្ត រួមទាំងផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម Facebook ដោយផ្សាយជាខេមរ:ភាសា និងភាសាជនជាតិដើមភាគតិច គ្រឹង ចារ៉ាយ ព្រៅ និងទំពួន ។

ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីរូបនេះ បានអោយដឹងទៀតថា មូលហេតុដែលផ្សាយព័ត៌មានជាភាសាជនជាតិដើមភាគតិច ក្រៅពីភាសាខ្មែរនេះ គឺដោយសារមានការសំណូមពរពីថ្នាក់ដឹកនាំខេត្ត ជាពិសេសគឺ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី ព្រោះថា ប្រជាពលរដ្ឋប្រមាណជា ២០ ម៉ឺននាក់ដែលកំពុងរស់នៅក្នុងទឹកដីខេត្តរតនគិរីនាពេលបច្ចុប្បន្ននេះ ក្នុងនោះមានជាង ៧០ភាគរយ គឺជាបងប្អូនជនជាតិដើមភាគតិច ។


លោក កុល ផាន់ណា បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានជាភាសាជនជាតិដើមភាគតិច បន្ថែមលើភាសាខ្មែរនេះ ឃើញថាមានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ក៏ដូចជាទស្សនិកជននៅតាមបណ្តារាជធានី-ខេត្តដទៃផ្សេងទៀត ជាពិសេសគឺថ្នាក់ដឹកនាំខេត្តរតនគិរី ដែលភាគច្រើនថ្នាក់ដឹកនាំកំពូលៗក្នុងខេត្ត ភាគច្រើនគឺជាជនជាតិដើមភាគតិចដែរ ។

លោក ហ៊ុន សុភា មានអាយុ ៤២ឆ្នាំ ជាបងប្អូនជនជាតិដើមភាគតិចទំពូន រស់នៅក្នុងខេត្តរតនគិរី បានសម្តែងនូវការគាំទ្រចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានផ្សាយព័ត៌មានជាភាសាជនជាតិដើមភាគតិចបន្ថែមលើខេមរ:ភាសាតាមប្រព័ន្ធវិទ្យុ និងតាមផេកបណ្តាញសង្គម ធ្វើអោយមានការគាំទ្រច្រើនពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ។

បងប្អូនជនជាតិដើមភាគតិចទំពូនរូបនេះ បានអោយដឹងទៀតថា ការផ្សាយព័ត៌មានជាភាសាជមជាតិដើមភាគតិចដូចនេះ គឺបានផ្តល់ភាពងាយស្រួលក្នុងការស្តាប់របស់បងប្អូនជនជាតិដើមភាគតិច ដែលរស់នៅតំបន់ដាច់ស្រយាល ហើយការយល់ដឹងចំពោះភាសាខ្មែររបស់ពួកគាត់ គឺនៅមានកម្រិត ។


អ្នកនាង កែវ ពេជ្រ មានអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ក៏បានសម្តែងនូវការគាំទ្រផងដែរ ចំពោះការផ្សព្វផ្សាយព័ត៌មានជាភាសាជនជាតិដើមភាគតិច ក្រៅពីភាសាខ្មែររបស់មន្ទីរព័ត៌មានខេត្ត ដោយអ្នកស្រីយល់ឃើញថា នេះជាការលើកស្ទួយ និងអភិរក្សវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ។


យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តរតនគិរី បានអោយដឹងថា ការផ្សព្វផ្សាយព័ត៌មានជាភាសាជនជាតិដើមភាគតិចនេះ គឺផ្សាយតាំងពីឆ្នាំ ២០០៩ មកម៉្លេះ ប៉ុន្តែមានផ្សាយតែចំនួនពីរភាសាប៉ុណ្ណោះ គឺភាសាព្រៅ និងគ្រឹង ហើយមានផ្សាយតែតាមវិទ្យុតែប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានការវិវឌ្ឍន៍ផ្សាយរហូតដល់ បួនភាសាជនជាតិដើម ក្នុងនោះភាសាព្រៅ គ្រឹង ទំពូន និងចារ៉ាយ ហើយការផ្សព្វផ្សាយទៀតនោះ មានផ្សាយទាំងតាមវិទ្យុ និងទូរទស្សន៍ខេត្ត រួមទាំងការផ្សាយតាមប្រព័ន្ធបណ្តាញសង្គមទៀតផង ៕អត្ថបទ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation