ព័ត៌មានអន្តរជាតិ

ករណីឆ្លងវីរុស Zika កំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុង Jaipur ដែលជាតំបន់ទេសចរណ៍ដ៏ធំរបស់ឥណ្ឌា

image

ឥណ្ឌា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារ ទី១៦ ខែតុលាថា យ៉ាងហោចណាស់មនុស្ស ៧២នាក់បានធ្វើតេស្តវិជ្ជមាន ចំពោះវីរុស Zika នៅក្នុងទីក្រុងទេសចរណ៍ Jaipur ភាគពាយ័ព្យរបស់ប្រទេសឥណ្ឌាដែលធ្វើឱ្យមានការព្រួយបារម្ភថា វីរុសកំពុងតែរីករាលដាលនៅមុនរដូវទេសចរណ៍។

ទីក្រុងទេសចរណ៍ Jaipur នៃរដ្ឋ Rajasthan ដែលកំពុងរងនូវការរាតត្បាតវីរុស Zika ត្រូវបានគេស្គាល់ថា ទីតាំងដែល សម្បូរទៅ ដោយប្រាសាទ,សារមន្ទីរបុរាណ និងតំបន់វាលខ្សាច់ ដែលជាតំបន់ទាក់ទាញដ៏ធំមួយសម្រាប់ភ្ញៀវទេសចរបរទេស ក៏ដូចជា ប្រជាពលរដ្ឋឥណ្ឌា។

ករណីឆ្លងដែលត្រូវបានគេរាយការណ៍ក្នុងរយៈពេល២៤ថ្ងៃបានជម្រុញអោយរដ្ឋាភិបាលចេញសេចក្តីប្រកាសអាសន្នសម្រាប់រដ្ឋនេះ ហើយអាជ្ញាធរបានចាត់វិធានការពិសេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនេះ។
ក្រុមមន្ត្រីបាននិយាយថា ក្រុមសុខាភិបាលចំនួន ២៥០ក្រុមបានទៅពិនិត្យមើលតំបន់រងគ្រោះ ហើយពលរដ្ឋចំនួន៩ម៉ឺនគ្រួសារ ត្រូវបានគេប្រាប់អោយការពារខ្លួនកុំអោយមូសខាំ ដើម្បីកុំអោយឆ្លងវីរុស Zika ។
ស្របគ្នានេះ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌាបានរៀបចំកិច្ចប្រជុំមួយនៅទីក្រុងញូវដេលី ដើម្បីពិភាក្សាពីមធ្យោបាយនិងវិធីសាស្ត្រ កាត់បន្ថយការរីករាលដាលនៃវីរុស Zika និងជំងឺគ្រុនផ្តាសាយជ្រូកផងដែរ។

រដ្ឋាភិបាលឥណ្ឌាបាននិយាយថា នេះជាការផ្ទុះឡើងជាលើកទីបីហើយនៅក្នុងប្រទេសឥណ្ឌា ដែលលើកទីមួយផ្ទុះឡើងនៅ ភាគខាងលិចទីក្រុង Ahmedabad កាលពីខែមករាឆ្នាំ២០១៧ និង លើកទី ២ នៅរដ្ឋ Tamil Nadu ភាគខាងត្បូង កាលពីខែកក្កដា ឆ្នាំ២០១៧ ។ ប៉ុន្តែការផ្ទុះទាំងពីរលើកនោះ ត្រូវបានគ្រប់គ្រងនិងទប់ស្កាត់ដោយជោគជ័យ។

សូមរំលឹកថា វីរុសហ្សីកាបានរកឃើញជាលើកដំបូងនៅឆ្នាំ ១៩៤៧ ហើយវីរុសនេះ បានឆ្លងរាលដាលដល់ប្រទេស ប្រេស៊ីល នៅឆ្នាំ២០១៥ ដែលទារករាប់ពាន់នាក់បានកើតមកមានក្បាលធំ និងខួរក្បាលមិនលូតលាស់។ មកដល់ពេលនេះ គេនៅមិនទាន់ រកឃើញ វ៉ាក់សាំងសម្រាប់ការពារ វីរុសដែលបង្ករអោយទារកមានពិការភាពធ្ងន់ធ្ងរតាំងពីនៅក្នុងផ្ទៃនេះនៅឡើយទេ៕

ព័ត៌មានទាក់ទង...