សង្គម

ក្នុងឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ ស្តារប្រឡាយបានជាង១០គីឡូម៉ែត្រនៅក្នុង និងក្រៅក្រុង ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ

image


ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដីមួយចំនួន ទោះស្ថិតក្នុងគ្រាដ៏លំបាកដោយសារការរីករាលដាលនៃជំងំកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ក្រុមជំនាញនៅតែបន្តធ្វើសកម្មភាពស្តារប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។

ជាក់ស្ដែងពាក់ព័ន្ធនឹងការងារនេះ លោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ប្រឡាយទឹកដែលក្រុមការងារបានស្តារក្នុងឆ្នាំ២០២១ ដែលជាឆ្នាំញាំញីដោយជំងឺកូវីដ-១៩ អង្គភាពលូទឹក និងបូមទឹករបាន ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងដែលមានទទឹង ៨ម៉ែត្រ ជម្រៅ២ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង។ ក្នុងនោះមានការតនិងដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង ៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ការដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង ១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន ៧កន្លែង ផងដែរ។

ក្រៅពីនេះ ប្រឡាយទួលពង្រទី២ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ ស្តារភក់ល្បាប់ប្រឡាយទួលពង្រ២ បានប្រវែង ៦,១០០ម៉ែត្រ។ ការស្តារភក់ល្បាប់ប្រឡាយលូ៥ បានប្រវែង ៩៥០ម៉ែត្រ ដែលជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។ ការស្តារប្រឡាយស្ទឹងមានជ័យ ជាមួយនឹងការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ ហើយប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ។

ចំពោះការងារស្តារស្មៅ និងសំរាមប្រឡាយបឹងទំពុនប្រវែង ៥០០ម៉ែត្រ ទទឹង៣០ម៉ែត្រ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ រីឯការស្តារប្រឡាយបឹងត្របែកវិញដោយចាប់ផ្ដើមអនុវត្តការងារកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ និងបានបញ្ចប់ថ្ងៃទី៣១ មិនា២០២១៕

ដោយ៖ គន្ធ តារាវិឆ័យ