ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំឱ្យមន្ត្រីជំនាញ ត្រូវបន្តរឹតបន្តឹងគុណភាពផ្លូវឱ្យបានហ្មត់ចត់នៅក្នុងឆ្នាំ២០២២នេះ

image


ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តរឹតបន្តឹងគុណភាព ផ្លូវឱ្យបានម៉ត់ចត់នៅក្នុងឆ្នាំ២០២២នេះ។

ការណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមករានេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសាធារណការ ក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប”។

ក្នុងសន្និបាត លោកទេសរដ្ឋមន្ត្រី ក៏បានបានណែនាំបន្តសាងសង់ ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការឱ្យមានប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យតាមដានស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ និងទីតាំងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ព្រមទាំងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុធាតុ និងគ្រប់គ្រងការងារសាងសង់ផ្លូវស្ពាន ឱ្យមានគុណភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង ១៥០០០គីឡូម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន៕